យោងតាមគេហទ័ព័រអាកាសយានដ្ឋានអន្តរជាតិ Rafic Hariri បានឲ្យដឹងថា ជើងហោះហើរជាង ៣០វ៉ុលចេញ-ចូលទីក្រុង Beirut របស់ប្រទេសលីបង់ ត្រូវបានលុបចោលនៅថ្ងៃអង្គារនេះ ។
នៅលើគេហទ័ព័រនេះ ឃើញជើងហោះហើរចេញ ១៥វ៉ុល និងជើងហោះហើរចូល ២៩វ៉ុល ពីក្រុមហ៊ុនអាកាសចរណ៍ជាច្រើន រួមទាំងក្រុមហ៊ុន Qatar Airways ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀត មកពីអារ៉ាប់រួម និងទួរគី ត្រូវបានលុបចោល ។
អ៊ីស្រាអែល បានបើកការវាយប្រហារលើគោលដៅនៅតំបន់ភាគខាងត្បូងលីបង់ ហើយក្រុមហេសប៊ូឡាគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារលើទីតាំងយោធានៅតំបន់ភាគខាងជើងអ៊ីស្រាអែល នាថ្ងៃអង្គារនេះ ធ្វើឲ្យក្តីបារម្ភកើនឡើងពីជម្លោះពេញលេញ ។
យោធាអ៊ីស្រាអែល និយាយថា ពួកគេ បានវាយប្រហារលើគោលដៅជាច្រើនរបស់ក្រុមហេសប៊ូឡា នៅតំបន់ភាគខាងត្បូងលីបង់ កាលពីយប់កន្លងទៅ ក្រោយពួកគេ បានបើកការវាយប្រហារលើទីតាំងរបស់ក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះ កាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្ស ៥៥៨នាក់ ។
ក្រោយសង្រ្គាមរយៈពេលជិត ១ឆ្នាំជាមួយក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សានៅភាគខាងត្បូងប្រទេស បច្ចុប្បន្នអ៊ីស្រាអែល បានងាកមកផ្តោតសំខាន់លើសមរភូមិមុខភាគខាងជើងរបស់ខ្លួនវិញ ជាទីដែលក្រុមហេសប៊ូឡា ផ្លោងគ្រាប់រ៉ុក្កែតចូលទៅក្នុងទឹកដីអ៊ីស្រាអែល ជាការគាំទ្រដល់ក្រុមហាម៉ាស់ ដែលគាំទ្រផងដែរដោយអ៊ីរ៉ង់ ៕


