ប្រណាំងម៉ូតូ៖ កីឡាករប្រណាំងម៉ូតូអេស្ប៉ាញវ័យទើបតែ ១៥ឆ្នាំ Dean Berta Vinales បានទទួលមរណភាពក្រោយប៉ះទង្គិចគ្នាជាមួយនឹងម៉ូតូច្រើនគ្រឿង អំឡុងការប្រកួតនៅទីលាន Jerez ប្រទេសអេស្ប៉ាញ។ គណៈកម្មាធិការរៀបចំការប្រកួតប្រណាំងម៉ូតូ Superbike ពិភពលោកបានបញ្ជាក់ថា Dean Berta Vinales បានប៉ះទង្គិចក្បាលខ្លាំងរហូតទទួលមរណភាព។
Berta Vinales គឺជាកីឡាករវ័យក្មេងប្រកួតក្នុងប្រភេទម៉ូតូ Supersport 300 Class ដែលជិះឱ្យក្រុមប្រណាំង Vinales Racing Team។ បន្ទាប់ពីហេតុដ៏តក់ស្លុតនេះ ការប្រកួតដែលនៅសល់កាលពីថ្ងៃសៅរ៍ត្រូវបានប្រកាសលុបចោលទាំងអស់។ Berta Vinales គឺជាប្អូនជីដូនមួយរបស់កីឡាករប្រណាំងម៉ូតូ GP, Maverick Vinales។ ជើងឯកពិភពលោក ៦សម័យ Superbike កីឡាករ Jonathan Rea បានបង្ហោះសាររំលែកទុក្ខនៅលើបណ្តាញសង្គម Twitter របស់ខ្លួនផងដែរ។
សូមបញ្ជាក់ថា នេះជាការបាត់បង់ដល់អាយុជីវិតមួយទៀតលើប្រភេទកីឡាប្រណាំងម៉ូតូនេះក្នុងឆ្នាំ២០២១ នេះពោលគឺកាលពីខែកក្កដាកន្លងទៅកីឡាករវ័យ ១៤ឆ្នាំ Hugo Milan បានទទួលមរណភាពផងដែរក្រោយការប៉ះទង្គិចការប្រកួតនៅ Alcaniz ប្រទេសអេស្ប៉ាញ ហើយកាលពីខែឧសភាកីឡាករស្វ៊ីស Jason Dupasquier ក៏បានទទួលមរណភាពផងដែរក្នុងវ័យ ១៩ឆ្នាំក្រោយការប៉ះទង្គិចអំឡុងការប្រកួត Moto3 នៅអ៊ីតាលី៕
អត្ថបទ៖នាង សុភាវុធ