នាយករដ្ឋមន្រ្តី លោក Donald Tusk នៅថ្ងៃអង្គារ (ទី២៤ ខែកញ្ញា) បាននិយាយថា ប្រទេសប៉ូឡូញនឹងប្រមូលប្រាក់ចំនួន ២៣ពាន់លានស្លូទី (៦.០១ពាន់លានដុល្លារ) ដោយមួយចំនួនបានពីសហភាពអឺរ៉ុប (EU) ដើម្បីយកទៅដោះស្រាយជាមួយនឹងផលវិបាក ដោយសារទឹកជំនន់ធ្ងន់ធ្ងរ។
ទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេលយ៉ាងហោចណាស់ក៏ ២ទសវត្សរ៍ដែរនោះ បានបណ្ដាលឲ្យទីក្រុងជាច្រើននៅភាគនិរតីនៃប្រទេសប៉ូឡូញត្រូវបានជន់លិច ហើយរដ្ឋាភិបាលបាននិយាយថា ខ្លួននឹងបញ្ចេញមូលនិធិពីកញ្ចប់ថវិកា និងប្រើប្រាស់សាច់ប្រាក់របស់ EU ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ។
លោក Tusk បានប្រាប់កិច្ចប្រជុំរដ្ឋាភិបាលថា៖ «ទំហំនៃជំនួយនេះ ទាក់ទងនឹងការសង្គ្រោះទឹកជំនន់ និងផែនការដែលយើងកំពុងរៀបចំ សម្រាប់ការកសាងឡើងវិញ បូកបន្ថែមពីលើមូលនិធិអឺរ៉ុប នាពេលនេះ ដោយយើងប៉ាន់ស្មានថា យើងនឹងអាចប្រមូលទឹកប្រាក់បានរហូតដល់ ២៣ពាន់លានស្លូទី»។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយមុននេះថា ទឹកប្រាក់ចំនួន ១០ពាន់លានអឺរ៉ូ (១១,១៤ពាន់លានដុល្លារ) នឹងអាចរកបានពីមូលនិធិបង្រួបបង្រួមសហភាពអឺរ៉ុប ដើម្បីដោះស្រាយផលប៉ះពាល់ទឹកជំនន់ នាពេលថ្មីៗនេះ នៅក្នុងផ្នែកជាច្រើននៃប្លុកដែលមានសមាជិក ២៧ប្រទេសនេះ។ ប្រហែល ៥ពាន់លានអឺរ៉ូពីមូលនិធិនេះ ត្រូវបានបម្រុងទុក សម្រាប់ប្រទេសប៉ូឡូញ៕