ឃ្លាំងស្តុកទំនិញនៅទីក្រុងព្រំដែន Kiryat Shmona របស់អ៊ីស្រាអែល រងការខូចខាតយ៉ាងដំណំ ស្របពេលដែលអ៊ីស្រាអែល និងក្រុមហេសប៊ូឡាដែលមានមូលដ្ឋាននៅប្រទេសលីបង់ បានផ្ទុះអាវុធដាក់គ្នាកាន់តែខ្លាំងក្លាទៅ ។
យោងតាមសារព័ត៌មានអ៊ីស្រាអែល បានឲ្យដឹងថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើង ។ នគរបាល អះអាងថា គ្មានគ្រោះថ្នាក់ ត្រូវបានរាយការណ៍នោះទេ ។
ក្រសួងសុខាភិបាលលីបង់ និយាយនៅថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់សរុបពីការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ភាគខាងត្បូងប្រទេសលីបង់ ចាប់តាំងពីថ្ងៃចន្ទមក បានកើនឡើងដល់ ៥៥៨នាក់ ក្នុងនោះរួមទាំងកុមារ ៥០នាក់ និងស្រ្តី ៩៤នាក់ផងដែរ ខណៈដែលមនុស្ស ១.៨៣៥នាក់ផ្សេងទៀត រងរបួស ។
ក្រុមហេសប៊ូឡា និយាយនៅព្រឹកថ្ងៃអង្គារនេះដែរថា ពួកគេបានវាយប្រហារលើគោលដៅយោធាជាច្រើនកន្លែងរបស់អ៊ីស្រាអែល រួមទាំងរោងចក្រផលិតគ្រាប់រំសេវ ស្ថិតនៅចម្ងាយ ៦០គ.ម ចូលក្នុងទឹកដីអ៊ីស្រាអែល ដោយប្រើប្រាស់រ៉ុក្កែត Fadi ៕