ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Jake Sullivan នៅថ្ងៃអង្គារ (ទី២៤ ខែកញ្ញា) នេះ បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្តេជ្ញាធ្វើយ៉ាងណាឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរជាមួយក្រុមហាម៉ាស ខណៈពេលដែលកំពុងស្វែងរកការបន្ថយភាពតានតឹង នៅតាមព្រំដែនរបស់អ៊ីស្រាអែលជាមួយប្រទេសលីបង់។
នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ MSNBC ពោលគឺប៉ុន្មានម៉ោងមុនពេលលោក Biden ថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិជាលើកចុងក្រោយ លោក Sullivan បានប្រាប់ថា៖ «លោកប្រធានាធិបតី ពិតជាមិនបានបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងរបស់លោកនោះទេ»។
លោក Sullivan បាននិយាយបន្ថែមថា លោក Biden នឹងជួបប្រជុំជាមួយបណ្ដាមេដឹកនាំពិភពលោកដែលបានជួបជុំគ្នា នៅទីក្រុងញូវយ៉ក ដើម្បីធ្វើការ ស្ដីពីកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ នៅតំបន់ហ្កាហ្សា ហើយនិងដើម្បីបញ្ចៀសកុំឲ្យមានសង្គ្រាមធ្ងន់ធ្ងរ នៅតំបន់មជ្ឈិមបូព៌ា។
ប៉ុន្តែជាមួយគ្នានេះ លោកបានទទួលស្គាល់បញ្ហាប្រឈម ក្នុងការធ្វើឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមេដឹកនាំក្រុមហាម៉ាស លោក Yahya Sinwar ទទួលយកនូវការយល់ឃើញខុសគ្នា ហើយលោកបានបញ្ជាក់ថា ជាពិសេសក្រុមហាម៉ាស និងលោក Sinwar ផ្ទាល់តែម្ដង «មិនចង់ឈានដល់កិច្ចព្រមព្រៀងឡើយ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានប្រឹងប្រែងធ្វើការ ដើម្បីទប់ស្កាត់ភាពតានតឹង នៅក្នុងតំបន់ គិតចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាស លើអ៊ីស្រាអែល ដោយចាប់ផ្ដើមពីតំបន់ហ្កាហ្សា កាលពីថ្ងៃទី៧ ខែតុលាឆ្នាំមុន បាននាំឲ្យមានការសងសឹករបស់អ៊ីស្រាអែលអស់រយៈពេលជិត ១ឆ្នាំហើយ នៅតំបន់ឆ្នេរមួយនេះ៕