នៅថ្ងៃអង្គារនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden សន្យាផ្តល់វ៉ាក់សាំងបង្ការជំងឺអុតស្វា ១លានដូស និងថវិកាយ៉ាងហោច ៥០០លានដុល្លារដល់បណ្តាប្រទេសនៅអាហ្វ្រិក ដើម្បីគាំទ្រដល់ការឆ្លើយតបនឹងការរីករាលដាលឆ្លងជំងឺមួយនេះ ។ នេះបើយោងតាមការអះអាងរបស់មន្រ្តីរដ្ឋបាលជាន់ខ្ពស់មួយរូបដែលបាននិយាយថា លោក Biden នឹងប្រកាសជំនួយនៅទីក្រុងញូវយ៉ក ជាទីដែលលោកចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ(UN) ។
មន្រ្តីរូបនោះនិយាយថា លោក Biden នឹងអំពាវនាវផងដែរដល់បណ្តាប្រទេសផ្សេងទៀត ឲ្យធ្វើតាមសហរដ្ឋអាមេរិក ។
គួរឲ្យដឹងថា កាលពីខែសីហាកន្លងទៅ អង្គការសុខភាពពិភពលោក(WHO) បានប្រកាសជំងឺអុតស្វាថាជាគ្រាអាសន្នសុខភាពសាធារណៈសកលលោក ។
ការរីករាលដាលឆ្លងជំងឺនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានរីករាលដាល់ប្រទេសជិតខាងជាច្រើន ហើយនិងប្រទេសឆ្ងាយៗជាច្រើនទៀត រួមទាំងប្រទេសឥណ្ឌាផងដែរ ។
កាលពីថ្ងៃចន្ទម្សិលមិញ WHO និយាយថា មាននូវករណីឆ្លងសង្ស័យជិត ៣ម៉ឺនករណី ត្រូវបានគេរាយការណ៍នៅអាហ្វ្រិក មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ៕