កំពង់ឆ្នាំង៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ ខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធសមិទ្ធិផល និងកាត់ឬសសីមាព្រះវិហារថ្មី វត្តគំរាបរុក្ខារាម ស្ថិតនៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រួមនិងមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងឯកឧត្តម លោកជំទាវជាច្រើនរូបទៀត។
ក្នុងពិធីនេះសម្តេចមហាមន្ត្រី គុយ សុផល បានមានប្រសាសន៍ថា៖ ព្រះពុទ្ធសាសនាមិនគ្រាន់តែជាទីគោរពសក្ភារះបូជាបុណ្ណោះទេ គឺជាប្រភពបណ្តុះនូវបញ្ញាញាណ ជាថ្នាលបណ្តុះធនធានមនុស្សគ្រប់សម័យកាល ហើយបើតាមប្រវត្តិសាស្ត្របានបង្ហាញអោយឃើញថា ទីអារាម រួមចំណែកក្នុងការកសាងសង្គមជាតិមួយប្រកបដោយសីលធម៌ ចរិយាធម៌ និងប្រកបដោយគុណធម៌ និងជាទីកន្លែងដែលរក្សាទុកនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរកត់ត្រាទុកពីជំនាន់មួយទៅជំនាន់មួយ សម្រាប់មនុស្សជំនាន់ក្រោយ ពិសេសទៅទៀតទីអារាមជាកន្លែងបណ្តុះ នូវធនធានមនុស្សដែលពោរពេញដោយចំណេះដឹងទាំងផ្លូវលោក ផ្លូវធម៌ និងប្រកបដោយមនសិការជាតិ ។ សព្វថ្ងៃ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកតម្កើង និងទ្រទ្រង់ព្រះពុទ្ធសាសនាស្របនឹងស្ថានភាពសង្គមជាតិកំពុងតែរីកចម្រើន បានបង្ករលក្ខណះសម្បត្តិដល់សកម្មភាពព្រះពុទ្ធសាសនា ក្នុងការអភិវឌ្ឍន៏វិស័យនេះ អោយមានរីកចម្រើនដូចវិស័យដទៃទៀត សក្តិសមជាទីកន្លែងគោរពបូជានៃពុទ្ធបរិស័ទ។ សម្តេចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ គឺត្រូវស្គាល់បុណ្យ ស្គាល់បាប និងត្រូវចូលរួមទប់ស្កាត់នូវរាល់អំពើអបាយមុខផ្សេងៗ ជាពិសេសគឺចូលរួមគោរពច្បាប់ចរាចរណ៍ ហើយត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន។
បច្ចុប្បន្ន រាជរដ្ឋភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខាងជំនឿសាសនា ដោយគ្មានការរើសអើងសាសនាណាមួយឡើយ ។ ទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិតជាមិនអាចកាត់ផ្ដាច់បានឡើយ ហើយ ប្រជាជនកម្ពុជា ចាត់ទុកវិស័យព្រះពុទ្ធសាសនា គឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា «ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ» ៕ កាំង ហុងវាស្នា










