បាល់ទាត់៖ ក្រុមសេះបង្កង់ Juventus ស្វែងរកបានជ័យជំនះ ២ប្រកួតជាប់គ្នានៅក្របខណ្ឌអ៊ីតាលី Serie A ក្រោយយកឈ្នះក្រុមភ្ញៀវ Sampdoria ៣-២ យប់ថ្ងៃអាទិត្យម្សិលមិញនេះ។ បន្ទាប់ពីយកឈ្នះ Spezia ៣-២ ប្រផិតប្រផើយ ក្រុមរបស់លោក Massimiliano Allegri ក៏ស្គាល់ជ័យជំនះក្នុងលីគជាលើកទី២ រដូវកាលនេះក្រោយយកឈ្ន Sampdoria ក្នុងលទ្ធផលដូចគ្នានឹងឈ្នះ Spezia ដែរ។

ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala បើកការនាំមុខមុនឱ្យ Juventus នៅនាទីទី១០ មុនពេលដែល Leonardo Bonucci ស៊ុតបាល់ ១១ម៉ែត្រឱ្យ Juventus នាំមុខ ២-០។ មុនចប់វគ្គទី១ នេះ Sampdoria ក៏តបបាន ១គ្រាប់ភ្លាមៗដែរដោយគ្រាប់បាល់តែតបញ្ចូលទីរបស់ Maya Yoshida។ ឈានចូលវគ្គទី២ កីឡាករចំនូលថ្មី Manuel Locatelli បន្ថែមការនាំមុខ ៣-១ ឱ្យ Juventus នៅនាទីទី៥៧ មុនពេលដែល Sampdoria រកបានគ្រាប់ទី២ ដោយ Antonio Candreva។ លទ្ធផល ៣-២ នេះរក្សាដល់ចប់ការប្រកួតធ្វើឱ្យ Juventus ទទួលបាន ៣ពិន្ទុបន្ថែមឡើងមកឈរលេខ៩ មាន ៨ពិន្ទុពីការប្រកួត ៦លើក។

ចំណែកក្រុមកំពូលតារាង Napoli នៅតែរក្សាការនាំមុខរបស់ខ្លួន និងជាការចាប់ផ្តើមរដូវកាលល្អឥតខ្ចោះក្រោយប្រកួត ៦លើកឈ្នះទាំង ៦ មាន ១៨ពិន្ទុពេញ។ យប់មិញនេះ Napoli បើកទ្វាផ្ទះទទួល Cagliari និងបានយកឈ្នះក្នុងលទ្ធផល ២-០។ ជ័យជំនះនេះធ្វើឱ្យក្រុមរបស់លោក Luciano Spaletti នាំមុខដាច់ក្រុមលេខ២ AC Milan ២ពិន្ទុ ខណៈក្រុមការពារជើងឯក Inter Milan នៅលេខ៣ មាន ១៤ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ