រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្កេ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយថា អង្គការសហប្រជាជាតិ កំពុងបិទភ្នែកមិនអើពើលើការប្រព្រឹត្តដ៏ហួសហេតុដោយកងកម្លាំងអ៊ុយក្រែន នៅក្នុងការលុកលុយរបស់ពួកគេចូលទៅក្នុងតំបន់ ឃើស (Kursk) របស់រុស្ស៊ី ដែលបានចាប់ផ្ដើមកាលពីខែមុន។

លោក Lavrov ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ដែលចេញផ្សាយនៅពីព្រឹកថ្ងៃពុធ (២៥ កញ្ញា) នេះបាននិយាយថា "ក្រុមភេរវករ" អ៊ុយក្រែន កំពុងប្រើប្រាស់អាវុធលោកខាងលិច ដើម្បីប្រព្រឹត្តអំពើឃោរឃៅមិនរើសមុខនៅក្នុងទីក្រុង Kursk។

លោក Lavrov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាននេះថា “កងកម្លាំងអ៊ុយក្រែនបានបំផ្ទុះលំនៅឋានប្រជាជនជារៀងរាល់ថ្ងៃ ទម្លាក់គ្រាប់បែកលើស្ថាប័នសង្គម និងប្រព្រឹត្តិសកម្មភាពមិនរើសមុខជាច្រើន ប៉ុន្តែយើងមិនបានឮការសម្ដែងក្ដីបារម្ភណាមួយពីតំណាងអង្គការសហប្រជាជាតិ ដែលទទួលខុសត្រូវលើសិទ្ធិមនុស្ស រួមទាំងអគ្គលេខាធិការនោះទេ” ដោយសំដៅទៅលើប្រមុខ UN លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres)។

អ៊ុយក្រែន និងអង្គការសិទ្ធិមនុស្សបានចោទរុស្ស៊ី ពីការទម្លាក់គ្រាប់បែកមិនរើសមុខលើជនស៊ីវិល និងអំពើឃោរឃៅផ្សេងទៀត ចាប់តាំងពីប្រតិបត្តិការយោធាក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ទីក្រុងគីវនិយាយថា ខ្លួនកំពុងការពារខ្លួនប្រឆាំងនឹងសង្រ្គាមដណ្តើមយកទឹកដីតាមបែបអធិរាជដែលត្រូវបានបង្កើតឡើងដើម្បីលុបបំបាត់អត្តសញ្ញាណជាតិរបស់ខ្លួន ខណៈរុស្ស៊ីពណ៌នាសកម្មភាពរបស់ខ្លួនថាជាប្រតិបត្តិការពិសេសមួយដើម្បីការពារសន្តិសុខប្រឆាំងនឹងអរិភាពរបស់លោកខាងលិច៕