ក្រុមហ៊ុន សហគ្រាសរបស់កម្ពុជាចំនួន៧៨ មកពីវិស័យសហគ្រាសធុនតូច និងមធ្យម (SME) បានចូលរួមតាំងបង្ហាញលក់ផលិតផលនៅក្នុងកម្មវិធីពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅទីក្រុងណាននីង ប្រទេសចិន ដើម្បីបង្ហាញផលិតផលដែលមានសក្តានុពលពីកម្ពុជា និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកបញ្ជាទិញមកពីតំបន់ផ្សេងៗគ្នា។

ឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងកិច្ចសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោកបានលើកឡើងថា ការចូលរួមព្រឹត្តការណ៍នេះ មិនមែនមានតែក្រុមហ៊ុនដែលសមាជិកក្នុងសម្ព័ន្ធនេះទេ គឺក្រុមហ៊ុនដទៃទៀតដែលបានចូលរួម គឺរំពឹងទុកថា នឹងជួយធ្វើឱ្យផលិតផលខ្មែរទាំងអស់ដែលមានទីផ្សារស្រាប់ នឹងកាន់តែមានទីផ្សារបន្ថែមទៀតនៅក្នុងប្រទេសចិន។

លោកឧកញ៉ា បានបង្ហើបឲ្យដឹងទៀតថា តាមរយៈកម្មវិធីនេះដែរ ក្រៅពីតាំងបង្ហាញផលិតផល ក៏មានក្រុមហ៊ុនមួយចំនួនរបស់ចិនបានឈានទៅដល់ការត្រៀមចុះ MOU ជាមួយគ្នាថែមទៀត ដើម្បីធ្វើការបញ្ជាទិញថែមទៀតផង។ លោកបន្ថែមថា ពីមួយឆ្នាំទៅមួយឆ្នាំ តែងតែឃើញមានកំណើនពីអ្នកបញ្ជាទិញនានា។

អ្នកស្រី សៅ សុភាព ប្រធានសហគ្រាស អេកូ មានជ័យ នែតជ្រល( Eco Meanchey Natural Enterprise បានឲ្យ ប៊ីធីវី ដឹងថា មកដល់ពេលនេះអ្នកស្រីបានចូលរួមជាលើកទី២១ ដោយកត់សម្គាល់ឃើញថាមានភាពល្អប្រសើរ ដោយទទួលការគាំទ្រជាខ្លាំងពីសំណាក់អ្នកចូលរួមនានា ជាពិសេសប្រជាជនចិនដែលតែងតែជាវផលិតផលខ្មែរស្ទើគ្រប់មុខទំនិញ បន្ថែមពីនេះទៀត គឺមានការសួរនាំពីការស្វែងរកដៃគូពាណិជ្ជកម្មផងដែរ។

លោក កុសល តំណាងក្រុមហ៊ុន K Foodgrain production ខាងផ្នែកគុយទាវក្រៀម ដែលទើបចូលរួមជាលើកទី១ ក្នុងពិព័រណ៍នេះ បានលើកឡើងថា ពិតជាមានក្តីសោមន្សរីករាយណាស់ និងរំពឹងថា នឹងទទួលការគាំទ្រពីសំណាក់ភ្ញៀវអន្តរជាតិនិងប្រជាជនរស់នៅក្នុងប្រទេសចិន ខណៈមានអតិថិជនជាតិចិនជាច្រើននាក់ហើយ បានចាប់អារម្មណ៍លើផលិតផលខ្មែរប្រភេទគុយទាវក្រៀមនេះ។
ពិព័រណ៍ចិន-អាស៊ាន លើកទី២១ និងពិព័រណ៍នាំចេញតំបន់ស្វយ័តក្វាងស៊ី មានរយៈ ៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់២៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍នេះ គឺជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់ រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន។ ក្នុងនោះ ប្រទេសកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មជាសេនាធិការរបស់រាជរដ្ឋាភិបាលក៏បាននាំយកក្រុមហ៊ុនជាច្រើនផងដែរមកចូលរួមក្នុងកម្មវិធីពិព័រណ៍នេះ ដើម្បីស្តារ និងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា និងចិនឲ្យដល់គោលដៅដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរចង់បាន៕ អត្ថបទ ឈិត បូរ៉ាវី







