ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៧ ខែកញ្ញានេះ ក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលាស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជន។សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងចំនួនពីររួមមាន៖ ទី១.ពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពដល់អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជន និង២.ផ្តល់វេទិកាពិភាក្សារវាងវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធឱ្យមានការយល់ដឹងនិងផ្សព្វផ្សាយពីការប្រែប្រួលអាកាសធាតុ។

បើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍ រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងក្នុងពិធីបើកសិក្ខាសាលា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ បានឱ្យដឹងថា ប្រទេសកម្ពុជា ជាប្រទេសដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាពិសេសគ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ រលកកំដៅ និងការជ្រាបចូលនៃទឹកសមុទ្រ។ ការសិក្សារួមគ្នារវាងក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា ការប្រែប្រួលអាកាសធាតុនឹងអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុប ចំនួន ២,៥% នៅឆ្នាំ២០៣០ និងរហូតដល់ ៩,៨% នៅឆ្នាំ២០៥០ ប្រសិនមិនមានវិធានការឆ្លើយតបសមស្របនោះទេ។ ដូចច្នេះ អាទិភាពចម្បងរបស់កម្ពុជា គឺការកសាងភាពធន់ក្នុងវិស័យ សេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយនូវផលប៉ះពាល់បណា្តលមកពីការប្រែប្រួលអាកាសធាតុលើ វិស័យកសិកម្ម ធនធានទឹក សុខភាពមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ តំបន់ឆ្នេរ និងប្រព័ន្ធអេកូស៊ីព្រៃឈើ។
ឯកឧត្តមបន្តថា កន្លងមកយន្តការផ្សព្វផ្សាយដល់សាធារណជនឲ្យបានជ្រាបស្តីពីការប្រែប្រួលអាកាសធាតុ នៅមានកម្រិតដោយសារការយល់ដឹងរបស់អ្នកជំនាញសារព័ត៌មានគឺនៅមានកម្រិត។ វេទិកាពិភាក្សាតុមូលរវាងវិស័យឯកនិងអ្នកសារពត៌មាននៃរដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុមានសារសំខាន់ណាស់ដើម្បីសម្របសម្រួលកិច្ចសន្ទនា កិច្ចពិភាក្សាតុមូលបានប្រមូលធាតុចូលពីវិស័យឯកជន ដើម្បីរៀបចំជាគោលនយោបាយ និងផែនការ យុទ្ធសាស្ត្រផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា។
អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀត បានឱ្យដឹងដែរថា ការចូលរួមសិក្ខាសាលានៅព្រឹកនេះ គឺទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ស្តីពីកាប្រែប្រួលអាកាសធាតុ ហើយពួកគេនឹងយកចំណេះដឹងដែលទទួលបាននេះទៅផ្សព្វផ្សាយដល់សាធារណៈជនឱ្យដឹងដែរ។
គួរបញ្ជាក់ដែរថា ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំវិធានការ និងយន្តការមួយចំនួនរួចហើយ ដែលក្នុងនោះរួមមាន៖ សន្និសីទកំពូលលើកទី២៩ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (CoP29) នៅទីក្រុងបាគូ ប្រទេសអាសែបៃហ្សង់ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ និងផែនការបន្សុំាថ្នាក់ជាតិជាដើម៕ អត្ថបទ៖ទូច សោភ័ណ


