អង្គការសហប្រជាជាតិបាននិយាយថា ប្រជាជនលីបង់រាប់ម៉ឺននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅចំពោះមុខការទម្លាក់គ្រាប់បែកកាន់តែខ្លាំងក្លារបស់អ៊ីស្រាអែល។

អ៊ីស្រាអែល បានបន្តយុទ្ធនាការវាយប្រហារតាមអាកាសដ៏ធំរបស់ខ្លួនកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីមនុស្សជិត៥០០នាក់ស្លាប់ និងរាប់ពាន់នាក់ទៀតរងរបួសដោយសារការទម្លាក់គ្រាប់បែករបស់ខ្លួនកាលពីថ្ងៃមុន។ ការវាយប្រហារបានមើលឃើញ ជនស៊ីវិលលីបង់នៅតែបន្តព្យាយាមរត់គេចពីភាគខាងត្បូងប្រទេសនេះ ទោះការវាយប្រហារត្រូវបានធ្វើឡើយទូទាំងប្រទេសក៏ដោយ។

អ្នកនាំពាក្យទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ លោក Matthew Saltmarsh បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារថា យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពកាន់តែយ៉ាប់យ៉ឺនខ្លាំងក្នុងការវាយប្រហារដោយមិនរើសមុខដែលយើងបានឃើញប៉ុន្មានថ្ងៃមកនេះ។

លោកបានថ្លែងថា មនុស្សរាប់ម៉ឺននាក់ត្រូវបានបង្ខំឱ្យចេញពីផ្ទះសម្បែងកាលពីដើមសប្ដាហ៍នេះ និងការរត់គេចពីការបាញ់ផ្លោងទាំងយប់ ហើយចំនួនបន្តកើនឡើង។
យ៉ាងណាមិញ អ៊ីស្រាអែលបានបង្កើនប្រតិបត្តិការរបស់ខ្លួន។ ការទម្លាក់គ្រាប់បែកកាលពីថ្ងៃចន្ទគឺមានទំហំធំបំផុតដែលប្រទេសនេះបានចាប់ផ្តើមដាក់គោលដៅយោធាលើប្រទេសលីបង់ ចាប់តាំងពីសង្រ្គាមពេញបន្ទុកមួយបានកើតឡើងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់នៅរដូវក្តៅឆ្នាំ ២០០៦ កន្លងទៅ៕