យោធាអ៊ីស្រាអែលបាននិយាយថា ស៊ីរ៉ែនព្រមានបានបន្លឺឡើងនៅក្នុងរដ្ឋធានីសេដ្ឋកិច្ចរបស់អ៊ីស្រាអែល តែលអាវីវ (Tel Aviv) នៅថ្ងៃពុធ (២៥ កញ្ញា) នេះ ខណៈមីស៊ីលបាញ់ចេញពីដីមួយគ្រាប់ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស បន្ទាប់ពីត្រូវពិនិត្យឃើញថាឆ្លងកាត់មកពីប្រទេសលីបង់។

មិនមានរបាយការណ៍អំពីការខូចខាត ឬស្លាប់បាត់បង់ជីវិតទេ ហើយយោធាបាននិយាយថា មិនមានការផ្លាស់ប្តូរចំពោះវិធានការណែនាំការពារជនស៊ីវិលសម្រាប់ភាគកណ្ដាលអ៊ីស្រាអែលកណ្តាលនោះឡើយ។ ស៊ីរ៉ែនព្រមានក៏បានបន្លឺឡើងនៅក្នុងតំបន់ផ្សេងទៀតនៃភាគកណ្តាលអ៊ីស្រាអែល រួមទាំងទីក្រុង ណេតានយ៉ា (Netanya) ផងដែរ។

ចលនាហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់ បានបាញ់មីស៊ីល និងរ៉ូកែតរាប់រយគ្រាប់ ទៅកាន់អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈជម្លោះជាច្រើនខែនៅទូទាំងព្រំដែនជាមួយប្រទេសលីបង់ ភាគខាងត្បូង បានកើនឡើងយ៉ាងខ្លាំង។
យោធាអ៊ីស្រាអែល បាននិងកំពុងធ្វើការវាយប្រហារតាមផ្លូវអាកាសយ៉ាងធ្ងន់ធ្ងរបំផុតនៃសង្គ្រាមក្នុងសប្តាហ៍នេះ ដោយផ្តោតលើមេដឹកនាំក្រុម ហេសបូឡា និងវាយលុកគោលដៅរាប់រយទីតាំងនៅជ្រៅក្នុងប្រទេសលីបង់ ដែលបានសម្លាប់មនុស្សជាង ៥០០នាក់ និងរាប់ពាន់នាក់រងរបួស៕
