រដ្ឋអាជ្ញាសហព័ន្ធ បានឲ្យដឹងថា បុរសដែលត្រូវបានចោទប្រកាន់ពីបទសម្ងំលាក់ខ្លួននៅទីលានវាយកូនហ្គោល ក្នុងរដ្ឋ Florida របស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ដោយមានកាំភ្លើងនោះ ត្រូវបានចោទប្រកាន់ កាលពីថ្ងៃអង្គារ (ទី២៤ ខែកញ្ញា) ពីបទចោទប៉ុនប៉ងធ្វើឃាតលើបេក្ខជននយោបាយ។

លោក Ryan Routh វ័យ ៥៨ឆ្នាំ កំពុងប្រឈមមុខនឹងការចោទប្រកាន់ ពាក់ព័ន្ធនឹងអាវុធចំនួន ២ករណីរួចហើយ បន្ទាប់ពីអាជ្ញាធរបាននិយាយថា លោកបានតម្រង់កាំភ្លើងតាមរបង នៅក្លឹបវាយកូនហ្គោលរបស់លោក Trump នៅឯទីក្រុង West Palm Beach រដ្ឋ Florida កាលពីថ្ងៃទី១៥ ខែកញ្ញា ខណៈពេលដែលបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋរូបនោះ កំពុងវាយកូនហ្គោលនៅទីនោះ។ ជនជាប់ចោទត្រូវបានបញ្ជាឲ្យស្ថិតនៅក្នុងមន្ទីរឃុំឃាំងបន្ត ដើម្បីរង់ចាំការកាត់ទោស។

ក្រសួងយុត្តិធម៌ បានឲ្យដឹងថា គណៈវិនិច្ឆ័យធំរបស់សហព័ន្ធ ប្រចាំទីក្រុង Miami បានចាប់ផ្ដើមការចោទប្រកាន់ឡើងវិញ នារសៀល ថ្ងៃទី២៤ ខែកញ្ញា។ ការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាត មានទោសអតិបរមាជាប់ពន្ធនាគារអស់មួយជីវិត។

លោក Routh មិនទាន់បានចូលទៅបំភ្លឺនៅឡើយទេ។ មេធាវីរបស់លោកបានព្យាយាមមិនបានសម្រេច ក្នុងការធានាឲ្យកូនក្ដីរបស់ខ្លួន នៅក្រៅឃុំ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រដ្ឋអាជ្ញាបានបង្ហាញភស្តុតាងដែលពួកគេបាននិយាយថា បង្ហាញពីផែនការចង់សម្លាប់លោក Trump៕