បាល់ទាត់៖ អតីតខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal និង Manchester City, Samir Nasri បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ហើយក្នុងវ័យ ៣៤ឆ្នាំ។ Samir Nasri បានធ្វើឱ្យខ្លួនមានឈ្មោះល្បីនៅពេលប្រកបអាជីពនៅទឹកដីបារាំង Olympique Marseille ដែលធ្វើឱ្យមានការចាប់អារម្មណ៍ពីលោក Arsene Wenger និងផ្លាស់ទៅកាន់ក្រុមកាំភ្លើងធំ Arsenal នៅឆ្នាំ២០០៨ ក្នុងតម្លៃ ១២លានផោន។

ក្រោយ ៣ឆ្នាំនៅទឹកដី Emirate, Samir Nasri ក៏ផ្លាស់ទៅកាន់ Manchester City នៅឆ្នាំ២០១១ ក្នុងតម្លៃ ២៥លានផោន និងជួយក្រុមឈ្នះជើងឯក English Premier League ២លើក និង FA Cup មួយលើកក្នុងរយៈពេល ៦ឆ្នាំនៅ Etihad នោះ។ បន្ទាប់ពីចាកចេញពី Manchester City, Nasri បានបន្តដំណើរអាជីពរបស់ខ្លួនជាមួយក្លិបទួកគី Antalyaspor, West Ham និង Anderlecht ក្នុងរយៈពេល ៤ឆ្នាំបន្ទាប់ពីចាកចេញពី Manchester City។ សរុបតាំងពីប្រកបអាជីពដំបូងជាមួយ Marseille រហូតដល់ក្លិបចុងក្រោយ Anderlecht, Samir Nasri បង្ហាញខ្លួនសរុប ៣៧៩ប្រកួតរកបាន ៥២គ្រាប់។ Samir Nasri ធ្លាប់បង្ហាញខ្លួនឱ្យក្រុមជំរើសជាតិបារាំងតាំងពី U16 ដល់ក្រុមធំ ដោយក្នុងនោះជាមួយក្រុមធំបង្ហាញខ្លួនបាន ៤១លើករកបាន ៥គ្រាប់៕
អត្ថបទ៖នាង សុភាវុធ