ប្រធានសហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ (IFRC) បានអំពាវនាវកាលពីថ្ងៃអង្គារ (២៤ កញ្ញា) ឱ្យអន្តរជាតិចាត់ទុកការសម្លាប់បុគ្គលិកមនុស្សធម៌ក្នុងស្រុកនៅក្នុងជម្លោះនានាជុំវិញពិភពលោក ជារឿងគួរឱ្យខឹងសម្បារដូចគ្នាទៅនឹងការស្លាប់បុគ្គលិកជំនួយអន្តរជាតិដែលរងគ្រោះនៅក្នុងជម្លោះ និងបន្ថែមការយកចិត្តទុកដាក់លើសុវត្ថិភាពក្រុមមនុស្សធម៌។

ចំនួនបុគ្គលិកជំនួយដែលត្រូវបានសម្លាប់បានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំនេះ ភាគច្រើនដោយសារសង្គ្រាមរបស់អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។ បុគ្គលិកជំនួយមនុស្សធម៌ជិត ៣០០នាក់ ដែលច្រើនជាង ២ភាគ៣ នៃអ្នកទាំងនោះជាបុគ្គលិករបស់អង្គការសហប្រជាជាតិ ត្រូវបានសម្លាប់នៅហ្កាហ្សា ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅក្នុងខែតុលា មក។

អគ្គលេខាធិការ IFRC លោក ចាហ្កាន ឆាប៉ាហ្កេន (Jagan Chapagain) បាននិយាយនៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ UNGA ទីក្រុងញូវយ៉កថា បុគ្គលិកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមក្នុងស្រុក និងអ្នកស្ម័គ្រចិត្តជាច្រើនត្រូវបានសម្លាប់ក្នុងពេលបំពេញកាតព្វកិច្ច ខណៈពាក់ស្លាកសញ្ញារបស់អង្គការចាប់តាំងពីខែមករាមក ដោយអំពាវនាវទៅកាន់បណ្ដាប្រទេស និងស្ថាប័នអន្តរជាតិឱ្យប្រឹងប្រែងបន្ថែមទៀតដើម្បីការពារពួកគេ។

លោក Chapagain បានដកស្រង់ការវិភាគនៃរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដ៏ច្រើនលើសលប់នៃឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងបុគ្គលិកអន្តរជាតិ ប៉ុន្តែពិភពលោកហាក់មិនអើពើនឹងការវាយប្រហារលើក្រុមមនុស្សធម៌ក្រុមស្រុក។ លោកបានសំដៅទៅលើការសម្លាប់បុគ្គលិកចំនួន ៧នាក់នៃអង្គការសប្បុរសធម៌ ផ្ទះបាយកណ្ដាលពិភពលោក (WCK) កាលពីខែមេសា ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលធ្វើឱ្យមានការខឹងសម្បារជាសកល និងនាំឱ្យទីក្រុងវ៉ាស៊ីនតោន ទទូចឱ្យអ៊ីស្រាអែល ការពារបុគ្គលិកជំនួយឱ្យកាន់តែប្រសើរឡើង៕