របាយការណ៍មួយបាននិយាយនៅថ្ងៃពុធ (២៥ កញ្ញា) នេះថា បម្រែបម្រួលអាកាសធាតុបានធ្វើឱ្យភ្លៀងធ្លាក់ខ្លាំងទំនងជាកើតឡើងទ្វេដង ដូចដែលបានបង្កឱ្យមានទឹកជំនន់ដ៏បំផ្លិចបំផ្លាញនៅអឺរ៉ុបកណ្តាលក្នុងខែនេះ ខណៈអ្នកវិទ្យាសាស្ត្របានជំរុញឱ្យប្រទេសនានាទូទាំងពិភពលោកធ្វើសកម្មភាពបន្ទាន់ដើម្បីបញ្ឈប់ការឡើងកម្ដៅផែនដី។

ទឹកជំនន់ដ៏អាក្រក់បំផុតដែលបានវាយលុកអឺរ៉ុបកណ្តាលក្នុងរយៈពេលយ៉ាងហោចណាស់ ២ទសវត្សរ៍នេះ បានបណ្តាលឱ្យមនុស្សជាង ២០នាក់ស្លាប់ ខណៈទីក្រុងនានាពោរពេញដោយល្បប់ភក់ និងកម្ទេចកម្ទី អគារខូចខាត ស្ពានដួលរលំ ហើយបន្សល់នូវបន្ទុកសេដ្ឋកិច្ចដ៏ធំដល់អាជ្ញាធរសម្រាប់ការជួសជុលឡើងវិញដែលមានតម្លៃរាប់ពាន់លានដុល្លារ។

របាយការណ៍ពី ក្រុមចូលរួមអាកាសធាតុពិភពលោក (World Weather Attribution) ដែលជាក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិសិក្សាពីឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុលើព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ បានរកឃើញថា ភ្លៀងធ្លាក់ខ្លាំងរយៈពេល ៤ថ្ងៃដែលនាំមកដោយព្យុះ បូរីស (Boris) គឺខ្លាំងក្លាបំផុតមិនធ្លាប់មាននៅអឺរ៉ុបកណ្តាល។

របាយការណ៍នោះនិយាយថា បម្រែបម្រួលអាកាសធាតុធ្វើឱ្យឱកាសនៃភ្លៀងធ្លាក់បែបនេះកើនឡើងយ៉ាងហោចណាស់ពីរដង និងធ្ងន់ធ្ងរជាងមុនដល់ទៅ ៧%។ របាយការណ៍បន្ថែមថា ខណៈការរួមបញ្ចូលគ្នានៃគំរូអាកាសធាតុធ្ងន់ធ្ងរដែលបណ្តាលឱ្យមានព្យុះគឺជារឿងមិនធម្មតា បម្រែបម្រួលអាកាសធាតុបានធ្វើឱ្យព្យុះបែបនេះកាន់តែខ្លាំងក្លា និងទំនងជាកាន់តែញឹកញាប់៕