សមាជិកសភាកូរ៉េខាងត្បូងម្នាក់បាននិយាយនៅថ្ងៃពុធ (២៥ កញ្ញា) នេះដោយដកស្រង់ទិន្នន័យអាកាសចរណ៍ថា កូរ៉េខាងត្បូងត្រូវបានបង្ខំឱ្យបិទផ្លូវរត់របស់យន្តហោះជាច្រើនដងនៅអាកាសយានដ្ឋានសំខាន់ចំនួនពីររបស់រដ្ឋធានីសេអ៊ូល ចាប់តាំងពីខែមិថុនា ដោយសារតែការរំខានពីបាឡុងផ្ទុកសំរាមដែលបាញ់ដោយកូរ៉េខាងជើង។

សមាជិកសភាគណបក្សប្រជាធិបតេយ្យ លោក យ៉ាង ប៊ូណាម (Yang Bu-nam) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងរយៈពេល ២០ថ្ងៃផ្សេងៗគ្នាចាប់តាំងពីថ្ងៃទី០១ ខែមិថុនាមក ផ្លូវរត់របស់យន្តហោះទាំងអស់ ឬមួយចំនួននៅអាកាសយានដ្ឋាន អ៊ីនឆុន (Incheon) និង គីមផូ (Gimpo) ត្រូវបានបិទសម្រាប់ការចុះចត ឬការហោះហើរ នៅពេលបាឡុងត្រូវបានរកឃើញនៅក្នុងបរិវេណនោះ ដោយសរុបមក ការបិទទាំងនោះមានរយៈពេល ៤១៣នាទី។

កូរ៉េខាងជើង បានបាញ់បង្ហោះបាឡុងផ្ទុកសំរាមជាង ៥.៥០០គ្រាប់ ចាប់តាំងពីចុងខែឧសភា ដោយនិយាយថា ខ្លួនកំពុងឆ្លើយតបទៅនឹងបាឡុងដឹកខិត្តប័ណ្ណឃោសនា ដែលបង្ហោះដោយសកម្មជនកូរ៉េខាងត្បូង។
បាឡុងសំរាមទាំងនោះត្រូវជំរុញដោយខ្យល់ ហើយខ្លះបានធ្លាក់ចុះនៅក្នុងកូរ៉េខាងត្បូង រួមទាំងនៅជិតការិយាល័យប្រធានាធិបតី និងនៅលើផ្លូវរត់ព្រលានយន្តហោះ។ ខណៈសំរាមភាគច្រើនត្រូវបានអាជ្ញាធរសម្អាតដោយមិនមានឧប្បត្តិហេតុ បាឡុងខ្លះបានរំខានដល់ចរាចរណ៍អាកាសយានដ្ឋាន និងបណ្តាលឱ្យមានអគ្គិភ័យតិចតួច។

យោធាកូរ៉េខាងត្បូងនិយាយថា ខ្លួនប្រើប្រាស់ការឃ្លាំមើលដើម្បីតាមដានទីតាំងដែលបង្ហោះបាឡុង ប៉ុន្តែថានឹងមិនបាញ់ទម្លាក់នោះទេ បើទោះបីជាមានការអំពាវនាវដោយសមាជិកសភា និងក្រុមពលរដ្ឋមួយចំនួនក៏ដោយ ដោយលើកឡើងពីហានិភ័យសុវត្ថិភាពដែលអាចកើតមាន៕