កំពង់ស្ពឺ ៖ ការបើកដំណើរការសាលារៀនមួយចំនួនទូទាំងប្រទេសនាពេលថ្មីៗនេះ គឺជាសញ្ញាវិជ្ជមានថ្មីមួយចំពោះសង្គមកម្ពុជាដោយសង្ឃឹមថានាពេលខាងមុខ សង្គមកម្ពុជាទាំងមូលនឹងវិលត្រឡប់មកសភាពមុនការរីករាលដាលនៃជំងឺកូវីដ១៩ ដែលអាចអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចប្រកបរបរទទួលទានចិញ្ចឹមជីវិតដូចធម្មតាវិញ។នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា។
កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានដឹកនាំ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា
ចុះបេសកកម្ម ទៅកាន់ខេត្តកំពង់ស្ពឺក្នុងគោលបំណង ពិនិត្យ ស្ថានភាពនៃការបង្រៀន និងរៀនតាមបណ្តុំនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងខេត្ត។ នាឱកាសនោះឯកឧត្តមបានលើកឡើងថា ការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ពិសេសការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេសដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍, ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងរយៈពេលប្រមាណ៧ខែមកនេះ (ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ) និងការចូលរួមយ៉ាងសស្រាក់សស្រាំពីមហាជន ប្រជាជន មន្ត្រីរាជការ និងកងកម្លាំងទាំងអស់ក្នុងការអនុវត្តវិធានការ «៣កុំ ៣ការពារ» ដែលបានផ្តល់ផ្លែផ្កាគួរជាទីកត់សម្គាល់រហូតការឈានទៅដល់ការបើកសាលារៀនមួយចំនួនឡើងវិញ ហើយ សង្ឃឹមថានាពេលខាងមុខ សង្គមកម្ពុជាទាំងមូលនឹងវិលត្រឡប់មកសភាពមុនការរីករាលដាលនៃជំងឺកូវីដ១៩ ដែលអាចអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចប្រកបរបរទទួលទានចិញ្ចឹមជីវិតដូចធម្មតាវិញ។
ឯកឧត្តម ប្រធានគណៈកម្មការទី៧ ជំនួសមុខឱ្យថ្នាក់ដឹកនាំនៃរដ្ឋសភា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈអភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា ជាពិសេស លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបំពេញភារកិច្ចការពារអាយុជីវិត សុខសុវត្ថិភាពប្រជាជន ជាពិសេសបន្តការងារបង្រៀនសិស្សទោះស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្នុងនាមរដ្ឋបាល មន្រ្តីរាជការ និងលោកគ្រូអ្នកគ្រូទូទាំងខេត្តកំពង់ស្ពឺបានសម្តែងនូវការស្វាគមន៍ប្រកបដោយក្តីមោទនៈដែលគណៈកម្មការទី៧នៃរដ្ឋសភាបានជ្រើសរើសខេត្តកំពង់ស្ពឺជាខេត្តដំបូងដើម្បីពិនិត្យស្ថានភាពនៃការបង្រៀន និងរៀនតាមបណ្តុំនៅតាមគ្រឹះស្ថានសាធារណៈ និងឯកជន និងមានឯកឧត្តមហ៊ុន ម៉ានី ជាអ្នកតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី៧ ជានិច្ចជាកាលតែងតែខ្វាយខ្វល់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសប្អូនៗក្មួយៗសិស្សានុសិស្ស ដែលជាអនាគតសសរទ្រូងនៃប្រទេសជាប្រចាំ។ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យបើកគ្រឹះស្ថានសិក្សា ដោយឱ្យសិស្សមករៀនផ្ទាល់ នៅក្នុងខេត្តកំពង់ស្ពឺមានគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គឺបានបើកដំណើរការសរុបចំនួន ៨៧៤ (ស្មើនឹង៨៣,៥៥%) លើគ្រឹះស្ថានសិក្សាសរុប ១០៤៦ ទូទាំងខេត្ត (គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១)។ ចំពោះគ្រឹះស្ថានសិក្សាដែលមិនទាន់បានបើក សុទ្ធសឹងជាគ្រឹះស្ថានដែលស្ថិតក្នុងតំបន់ទីប្រជុំជន ដែលមានហានិភ័យខ្ពស់ និងជាទីតាំងដែលនៅមានករណីផ្ទុះក្នុងសហគមន៍។ ជារួម ដំណើរការនៃការបើកសាលារៀនឡើងវិញនៅខេត្តកំពង់ស្ពឺបានប្រព្រឹត្តទៅយ៉ារលូន និងទទួលបានការសាទរ និងគាំទ្រពីសិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាល និងមិនមានករណីឆ្លងក្នុងសាលារៀនឡើយ គិតមកទល់ពេលនេះ។
បន្ទាប់ពីជំនួបពិភាក្សារួចមក គណៈប្រតិភូបានបន្តចុះទស្សនកិច្ចផ្ទាល់ទៅកាន់គ្រឹះស្ថានសិក្សាចំនួន ០២ ដែលមានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យដោយផ្ទាល់នូវដំណើរការបង្រៀននៅតាមសាលាទាំងនោះ ដែលរួមមាន សាលាបឋមសិក្សាសន្តិភាព និងវិទ្យាល័យ សុខា ផល្លី។ នាឱកាសនោះផងដែរ ឯកឧត្តមប្រធានគណៈកម្មការ ទី៧បានផ្តល់ជូនសម្ភារៈមួយចំនួនជូនសាលារួមមាន៖ ម៉ាស ទឹកថ្នាំលាងដៃ ឡាបូចល័ត និងថវិកាជូនលោកគ្រូ អ្នកគ្រូផងដែរ៕








