បណ្ដាមេដឹកនាំពិភពលោកមួយចំនួន កាលពីថ្ងៃអង្គារ (ទី២៤ ខែកញ្ញា) បានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះអ៊ីស្រាអែល និងរាលដាលដល់សហរដ្ឋអាមេរិក ខណៈដែលមហាសន្និបាតអង្គការសហប្រជាជាតិបានបើកសម័យប្រជុំធំលើកដំបូងរបស់ខ្លួន គិតចាប់តាំងពីសង្គ្រាម នៅតំបន់ហ្កាហ្សា បានចាប់ផ្តើមកាលពីជិត ១ឆ្នាំមុន។
ហើយយ៉ាងហោចណាស់ ក៏មានមេដឹកនាំម្នាក់បានប្រើការប្រៀបធៀបទៅនឹងរបបរបស់ហ៊ីត្លែរ។ ការប្រើភាសាដ៏តឹងតែងនេះ បានឆ្លុះបញ្ចាំងពីការខកចិត្តជាសាកល ចំពោះការមិនមានឆន្ទៈរបស់ភាគីពាក់ព័ន្ធ ក្នុងការធ្វើយ៉ាងណាឲ្យឈានដល់បទឈប់បាញ់។ លើសពីនោះទៀត វាក៏បានសបញ្ជាក់ឲ្យឃើញពីភាពអស់សង្ឃឹមរបស់អន្តរជាតិ ចំពោះភាពគ្មានជំនួយរបស់ស្ថាប័ននានា ដូចជាអង្គការសហប្រជាជាតិជាដើម ដើម្បីនាំមកនូវសន្តិភាព។
ស្ទើរតែគ្រប់មេដឹកនាំពិភពលោកទាំងអស់ ដែលបានឡើងលើវេទិកាថ្លែងសុន្ទរកថា កាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យបញ្ចប់ការប្រយុទ្ធ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ក៏ដូចជានៅសមរភូមអ៊ីស្រាអែល-លីបង់ ដែលអំពើហិង្សាមានកាន់តែខ្លាំងឡើងៗ ជាកន្លែងដែលអ៊ីស្រាអែលកំពុងប្រយុទ្ធជាមួយក្រុមហេសបូឡា។
បណ្ដាមេដឹកនាំអារ៉ាប់ និងមជ្ឈិមបូព៌ា ដែលបានរិះគន់អ៊ីស្រាអែល ស្ថិតក្នុងចំណោមវាគ្មិន នាថ្ងៃអង្គារនោះ ប៉ុន្តែការខកចិត្តនេះ ក៏មានសូម្បីតែពីប្រទេសមួយចំនួន ដែលជាធម្មតាជៀសវាងពីប្រធានបទនេះ ក្នុងនោះរួមទាំងរដ្ឋពីតំបន់អាមេរិកឡាទីន និងអាហ្រ្វិកផងដែរ។ វោហាសាស្ត្រនេះ មានភាពតានតឹងជាពិសេស នៅពេលសំដៅទៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu៕