ប្រទេសអ៊ុយក្រែន ហាក់ដូចជាបានរកឃើញអ្នកសម្របសម្រួលល្អបំផុត ក្នុងការជួយបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ដោយបុគ្គលនោះ គឺនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi។
ជាផ្នែកមួយនៃទំនាក់ទំនងការទូតដ៏រីកម្រើនជាលំដាប់ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានជួបជាមួយលោក Modi កាលពីល្ងាចថ្ងៃចន្ទ (ទី២៣ ខែកញ្ញា) ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមរិក អំឡុងពេលដែលមេដឹកនាំទាំង២ និងក្រុមការងារនៃប្រទេសទាំង២ បានពិភាក្សាអំពីផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព។
ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីប្រធានបទដ៏រសើបនេះ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូប បានបញ្ជាក់ថា ប្រទេសឥណ្ឌា គឺជាក្តីសង្ឃឹមដ៏ធំរបស់ទីក្រុងគីវ ក្នុងការឈានដល់កិច្ចព្រមព្រៀងសន្តិភាព ដែលខ្លួនអាចទទួលយកបាន។
យោងតាមមន្ត្រីនោះ បានឲ្យដឹងថា ខណៈដែលអ៊ុយក្រែនចាំបាច់ត្រូវសម្របសម្រួលដោយជៀសមិនរួចបញ្ហាមួយចំនួន ដើម្បីបញ្ចប់ការវាយលុករបស់ទីក្រុងមូស្គូ លោក Modi មានភាពច្បាស់លាស់ក្នុងការពិភាក្សា នារដូវក្តៅជាមួយទីក្រុង Kyiv ដែលថា សំណើណាមួយ ដើម្បីបញ្ចប់សង្គ្រាមមិនគួររួមបញ្ចូលការលះបង់ទឹកដីទៅឲ្យរុស្ស៊ីនោះឡើយ។
នៅក្នុងក្រសែភ្នែករបស់ទីក្រុងគីវ លោក Modi បានលេចឡើងគួរឲ្យចាប់អារម្មណ៍ ក្នុងរយៈពេលដ៏ខ្លី។ នៅពេលដែលលកបានទៅទស្សនកិច្ចនៅទីក្រុងមូស្គូ ក្នុងខែកក្កដា ហើយបានឱបប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin យ៉ាងកក់ក្ដៅ ការឆ្លើយតបពីទីក្រុងគីវ គឺការរិះគន់យ៉ាងធ្ងន់ធ្ងរ។ លោក Zelenskyy បានហៅការឱប នៅថ្ងៃតែមួយ ដែលការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី បានសម្លាប់ប្រជាជនអ៊ុយក្រែនរាប់សិបនាក់នោះ «ជាការខកចិត្តដ៏ធំ និងជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព»។
ប៉ុន្តែចាប់តាំងពីពេលនោះមក អ៊ុយក្រែនបានមើលឃើញពីភាពសំខាន់របស់ឥណ្ឌាកាន់តែខ្លាំងឡើងៗ ពោលគឺជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោក ដែលបានលើកកម្ពស់ការមិនចូលបក្សសម្ព័ន្ធក្នុងទំនាក់ទំនងបរទេសរបស់ខ្លួន ជាអន្តរការីដ៏ល្អរបស់ខ្លួនក្នុងការដោះស្រាយវិបត្តិជាមួយវិមានក្រឹមឡាំង៕