ប្រទេសឥណ្ឌា បានបញ្ជាក់ពីករណីដំបូងរបស់ខ្លួននៃការរីករាលដាលយ៉ាងឆាប់រហ័សនូវការឆ្លងវីរុសអុតស្វា ឬអឹមផក (Mpox) ដែលបានបង្កការភ័យខ្លាចជាអន្តរជាតិ ក្នុងចំណោមអ្នកជំនាញសុខភាព។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក Manisha Verma បានបញ្ជាក់ថា ករណីនៃវីរុស Mpox ប្រភេទ Clade 1b ត្រូវបានរកឃើញ នៅក្នុងរដ្ឋ Kerala ភាគខាងត្បូង។
យោងតាមអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា អ្នកជំងឺ គឺជាបុរសវ័យ ៣៨ឆ្នាំ ដែលបានធ្វើដំណើរមកពីប្រទេសអារ៉ាប់រួម ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមហាវិទ្យាល័យវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលក្នុងតំបន់។
ប្រធានផ្នែកសុខភាពក្នុងតំបន់ បាននិយាយកាលពីថ្ងៃចន្ទ (ទី២៣ ខែកញ្ញា) ថា មិត្តភក្តិ និងសមាជិកគ្រួសារប្រហែល ៣០នាក់ និងអ្នកដំណើរ ៣៧នាក់ ដែលរួមដំណើរនៅលើជើងហោះហើរជាមួយរូបគេ កំពុងត្រូវបានតាមដាននៅផ្ទះ ប៉ុន្តែរហូតមកដល់ពេលនេះ គ្មាននរណាម្នាក់ បង្ហាញរោគសញ្ញាថា មានជំងឺ Mpox នោះទេ។
ក្រុមអ្នកជំនាញ បាននិយាយថា វីរុសថ្មីនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺធ្ងន់ធ្ងរជាងមុន និងអត្រាមរណភាពខ្ពស់ជាងវីរុស ដែលបណ្តាលឲ្យមានការផ្ទុះជំងឺ Mpox ជាសកល នៅឆ្នាំ ២០២២។
កាលពីខែមុន អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ការផ្ទុះឡើងនូវវីរុសជំងឺ Mpox ប្រភេទ Clade I នៅអាហ្រ្វិកកណ្តាល គឺជាគ្រាអាសន្នសុខភាពសកល។ ប្រទេសឥណ្ឌា បានរាយការណ៍ពីការឆ្លងជំងឺចំនួន ៣០ករណី និងអ្នកស្លាប់ម្នាក់ពីការឆ្លងវីរុសប្រភេទចាស់ ដែលត្រូវបានគេស្គាល់ថា Clade 2 ចន្លោះឆ្នាំ២០២២ និងខែមីនាឆ្នាំនេះ ហើយមានករណី Clade 2 មួយទៀត នៅដើមខែនេះ៕