ដោយធ្វើតាមក្រុមហ៊ុនបណ្ដាញសង្គម Meta និង YouTube បណ្ដាញសង្គម TikTok បានឲ្យដឹងថា ខ្លួនបានសម្រេចលុបគណនីប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ី។ វេទិកានេះបានលុបគណនីរបស់ប្រព័ន្ធផ្សព្វផ្សាយ RT (ពីមុនជា Russia Today) និង Sputnik។
ការលុបគណនីនេះត្រូវបានធ្វើឡើង កាលពីថ្ងៃអង្គារ (ទី២៣ ខែកញ្ញា) ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់បណ្ដាញសង្គម TikTok ដើម្បីការពារការបោះឆ្នោត នៅសហរដ្ឋអាមេរិក។ តាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន TikTok បានពន្យល់ថា គណនីទាំងពីរនេះ មានពាក់ព័ន្ធនៅក្នុងសកម្មភាព ដែលមានឈ្មោះថា «ប្រតិបត្តិការជះឥទ្ធិពលសម្ងាត់»។
TikTok ជឿជាក់ថា គណនីរបស់ RT និង Sputnik បានបំពានលក្ខខណ្ឌមួយនៃគោលការណ៍ណែនាំសហគមន៍របស់វេទិកានេះ។ មុនពេលគណនីរបស់ខ្លួនត្រូវបានលុបចេញ ដោយសារតែឥទ្ធិពលសម្ងាត់ដែលអាចប៉ះពាល់ដល់អ្នកប្រើប្រាស់អន្តរជាតិ គណនីទាំងនេះត្រូវបានរឹតបន្តឹង នៅក្នុងសហភាពអឺរ៉ុប (EU) និងចក្រភពអង់គ្លេស។
TikTok បានពន្យល់នៅក្នុងរបាយការណ៍តម្លាភាពថ្មីៗនេះថា៖ «ដោយផ្អែកលើគោលនយោបាយប្រព័ន្ធផ្សព្វផ្សាយដែលមានពាក់ព័ន្ធជាមួយរដ្ឋ ខ្លឹមសាររបស់ពួកគេក៏មិនមានលក្ខណៈគ្រប់គ្រាន់ផងដែរ ក្នុងការបញ្ចូលនៅលើវេទិការ For You ដែលកម្រិតការប្រឹងប្រែង ដើម្បីជះឥទ្ធិពលលើអ្នកមើលបរទេស ជុំវិញប្រធានបទនៃព្រឹត្តិការណ៍នានា និងកិច្ចការពិភពលោក»។
បន្ទាប់ពីត្រូវបានដកចេញជាអចិន្ត្រៃយ៍ពីបណ្ដាញសង្កម TikTok គណនីរបស់ប្រព័ន្ធផ្សព្វផ្សាយ RT និង Sputnik នឹងត្រូវបានបញ្ចូលក្នុងរបាយការណ៍ប្រតិបត្តិការជះឥទ្ធិពលសម្ងាត់ សម្រាប់ខែកញ្ញា។ របាយការណ៍នេះ នឹងត្រូវផ្សព្វផ្សាយជាសាធារណៈក្រោយខែកញ្ញា៕