ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍នៅថ្ងៃពុធនេះថា មីស៊ីលបាលីស្ទិកអន្តរទ្វីប(ICBM)ដែលកងទ័ពរំដោះប្រជាជនចិន បានបាញ់ចូលមហាសមុទ្រប៉ាស៊ីហ្វិក គឺជាផ្នែកមួយនៃការហ្វឹកហាត់យោធាប្រចាំឆ្នាំ និងតាមទម្លាប់តែប៉ុណ្ណោះ ហើយមិនសំដៅប្រឆាំងប្រទេសជាក់លាក់ណាមួយនោះឡើយ ។
ក្រសួងការពារជាតិចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មីស៊ីល ICBM ដែលផ្ទុកក្បាលគ្រាប់សិប្បនិមិត្ត ត្រូវបានបាញ់ដោយកងកម្លាំងរ៉ុក្កែតរបស់កងទ័ពរំដោះប្រជាជនចិន កាលពីវេលាម៉ោង ៨ និង៤៤ នាទីព្រឹក ម៉ោងនៅទីក្រុងប៉េកាំង ថ្ងៃពុធនេះ ហើយបានធ្លាក់ចូលទៅក្នុងសមុទ្រតាមការរំពឹងទុក ហើយវាគឺការរៀបចំតាមទម្លាប់នៅក្នុងផែនការហ្វឹកហាត់ប្រចាំឆ្នាំរបស់ពួកយើង និងមិនសំដៅលើប្រទេស ឬគោលដៅណាមួយជាកក់លាក់នោះឡើយ ។
យោងតាមរបាយការណ៍របស់សារព័ត៌មាន Xinhua ដែលពុំបានបញ្ជាក់ពីផ្លូវរបស់មីស៊ីល ឬកន្លែងដែលវាធ្លាក់នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានឲ្យដឹងថា ប្រទេសចិន បានជូនដំណឹងជាមុន ដល់បណ្តាប្រទេសពាក់ព័ន្ធ ។
ក្រុមអ្នកវិភាគ និយាយថា វាគឺជារឿងដ៏កម្រមួយដែលចិនបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយបែបនេះ ចូលទៅក្នុងសមុទ្រ ស្របពេលដែលពួកគេតែងតែសាកល្បងវាដោយពុំបានប្រកាសឲ្យដឹងជាមុននៅតាមបណ្តាខេត្តដាច់ស្រយាលមួយចំនួន ដូចជានៅតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង និងជាដំណើរវិវត្តមួយធ្វើឲ្យមានក្តីកង្វល់ជាអន្តរជាតិចំពោះការបង្កើតនុយក្លេអ៊ែររបស់ប្រទេសមួយនេះ ៕