ណាននីង៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅក្នុងកម្មវិធីពិព័រណ៍ចិន-អាស៊ានលើកទី២១ ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំវេទិកាផ្សព្វផ្សាយពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍កម្ពុជា ស្តីពី "សក្តានុពលធុរកិច្ច ការវិនិយោគ និងទេសចរណ៍នៅកម្ពុជា"។ ក្នុងនោះក៏មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាផងដែរ រវាងក្រុមហ៊ុនមកពីកម្ពុជាចំនួន១៥ ជាមួយក្រុមហ៊ុនចិន លើវិស័យផ្សេងៗគ្នា មានដូចជា ផ្នែកកសិកម្ម និងខាងផ្នែកវាយនភណ្ឌកាត់ដេរជាដើម។
សូមបញ្ជាក់ថា ក្វាងស៊ី គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។ គិតត្រឹមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងក្វាងស៊ី មានប្រមាណ ៥៨១លានដុល្លារអាមេរិក ។ ដោយឡែក ក្នុងឆមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មមានប្រមាណ ៤៨០លានដុល្លារ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងកម្ពុជាមានភាពខ្លាំងក្លា។







