មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃពុធ (ទី២៥ ខែកញ្ញា) នេះ បាននិយាយថា ការសម្លាប់មេបញ្ជាការរបស់ក្រុមហេសបូឡា នឹងមិននាំក្រុមនេះខ្លបខ្លាចនោះទេ ដោយការលើកឡើងនេះ កើតមានឡើងបន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហារទៅលើឥស្សរជនជាន់ខ្ពស់ នៅក្នុងចលនាដែលគាំទ្រដោយអ៊ីរ៉ង់ អំឡុងរយៈពេលប៉ុន្មានថ្ងៃនៃការវាយប្រហារតាមអាកាសដ៏បំផ្លិចបំផ្លាញ នៅទូទាំងប្រទេសលីបង់។
លោក Khamenei បានលើកឡើងថា៖ «កម្លាំងចាត់តាំង និងធនធានមនុស្សរបស់ក្រុមហេសបូឡា មានភាពរឹងមាំខ្លាំង ហើយនឹងមិនត្រូវបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដោយសារការសម្លាប់មេបញ្ជាការជាន់ខ្ពស់នោះឡើយ ទោះបីនោះគឺជាការបាត់បង់ដ៏គួរឲ្យសោកស្ដាយយ៉ាងពិតប្រាកដក៏ដោយ»។
គួរបញ្ជាក់ថា បើយោងតាមរដ្ឋមន្ត្រីសុខាភិបាលលីបង់ បានឲ្យដឹងថា ការវាយលុកថ្មីរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហេសបូឡា បានសម្លាប់មនុស្ស ៥៦៩នាក់ គិតចាប់តាំងពីថ្ងៃចន្ទ (ទី២៣ ខែកញ្ញា) មក។ ហើយការវាយប្រហារបង្ហូរឈាមបំផុតមិនធ្លាប់មានលើលីបង់ ក្នុងរយៈពេលជិត ២ទសវត្សរ៍ កើតមានឡើងបន្ទាប់ពីមានសង្គ្រាមជិត ១ឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។
អមដោយការចោទប្រកាន់អ៊ីស្រាអែលថា បានសម្លាប់ជនស៊ីវិល ដ្បិតខ្លួនមិនអាចកម្ចាត់សត្រូវរបស់ខ្លួនបាន លោក Khamenei បានបញ្ជាក់បន្ថែមថា៖ «ការតស៊ូរបស់ប៉ាឡេស្ទីន និងលីបង់ នៅទីបំផុត នឹងទទួលបានជ័យជម្នះជាមិនខាន»៕