ភ្នំពេញ ៖ តាមការកំណត់ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានជួបប្រជុំគ្នា ដើម្បីបញ្ចប់ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ផ្អែកតាមកិច្ចប្រជុំត្រីភាគី ដែលមានតំណាងភាគីកម្មករនិយោជិតចំនួន១៧រូប តំណាងភាគីនិយោជកចំនួន១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន១៧រូប បានប្រជុំពិភាក្សាដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ ស្មារតីមិត្តភាព សហប្រតិបត្តិការ តម្លាភាព និងឈ្នះ ឈ្នះកាលពីសប្តាហ៍កន្លងទៅនេះ ជាលទ្ធផលភាគីទាំង៣ បានបង្ហាញនូវតួលេខរៀងៗខ្លួន ដោយភាគីកម្មករនិយោជិត (សហជីព) ឯភាពចំនួន ២០៤ដុល្លារ, ភាគីនិយោជកឯកភាពចំនួន ១៨៨ដុល្លារ និងភាគីរាជរដ្ឋាភិបាលបានឯកភាពយកតួលេខ ១៩២ដុល្លារអាម៉េរិក។
សូមបញ្ជាក់ថា គិតមកដល់ឆ្នាំ២០២១នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកមានចំនួន១៩២ដុល្លារអាមេរិក ពោលបានកើនឡើងជាបន្តបន្ទាប់ក្នុងឆ្នាំ១៩៩៧ ដែលមានចំនួនសរុបចំនួន ៤៥ដុល្លារអាម៉េរិក៕
អត្ថបទ ៖ ឈិត បូរ៉ាវី



