រដ្ឋមន្រ្តីក្រសួងសុខាភិបាលលីបង់ស្តីទី លោក Firas Abiad បានមកទទួលយកជំនួយវេជ្ជសាស្រ្តរបស់ទួរគីនៅមូលដ្ឋានទ័ពអាកាសស្ថិតក្នុងអាកាសយានដ្ឋានអន្តរជាតិ Rafic Hariri នៅទីក្រុង Beirut ។
ជំនួយដឹកតាមយន្តហោះទួរគីដែលមានការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងស្បៀងអាហារទម្ងន់ ៣០តោននេះ មានគោលដៅគាំទ្រវិស័យសុខភាពលីបង់ ស្របពេលកើតមានជម្លោះជាមួយអ៊ីស្រាអែល ។
ឯកអគ្គរដ្ឋទូតទួរគីប្រចាំនៅលីបង់លោក Ali Baris Ulusoy និងប្រធានសន្តិសុខអាកាសយានដ្ឋានលោក Fadi Kfoury បានចូលរួមពិធីផ្តល់ជំនួយ ។
នៅក្នុងសេចក្តីអត្ថាធិប្បាយរបស់លោក លោក Abiad បានបង្ហាញការដឹងគុណចំពោះការគាំទ្របន្តរបស់ទួរគី និងបានប្រកាសការបើកមន្ទីរពេទ្យទួរគីនៅប្រទេសលីបង់ ។
កាលពីព្រឹកថ្ងៃអង្គារ ប្រធានាធិបតីទួរគីលោក Tayyip Erdogan បាននិយាយក្នុងសុន្ទរកថារបស់លោកនៅមហាសន្និបាតថា ពួកគេនឹងឈរខាងប្រជាជនលីបង់ ស្របពេលដែលអ៊ីស្រាអែល បើកការវាយប្រហារតាមច្រកអាកាសលើគោលដៅរបស់ក្រុមសកម្មប្រយុទ្ធហេសប៊ូឡា ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលលីបង់ បានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅប្រទេសលីប់ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅថ្ងៃពុធនេះ បានកើនឡើងដល់ ១០នាក់ ៕


