ប្រភពព័ត៌មានសន្តិសុខចំនួន ២ បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធនេះ ការវាយប្រហាររបស់អ៊ីស្រាអែល បានត្រូវចំទីក្រុងមាត់សមុទ្រ Jiyyeh ដែលមានចម្ងាយ ៧៥គ.ម ភាគខាងជើងព្រំដែនអ៊ីស្រាអែល ។
រថយន្ត និងអគារខូចខាត ត្រូវបានគេមើលឃើញនៅជិតរណ្តៅគ្រាប់ ។
លោក Majd Razzouk គឺជាម្ចាស់ហាងលក់ទំនិញមួយរូបនៅទីក្រុង Jiyyeh និយាយថា អ្វីដែលលោកបានដឹង គឺមានយន្តហោះ បានហោះរំលងពីលើពួកយើង រួចបណ្តាលឲ្យមានការខូចខាតបែបនេះតែម្តង ។
គួរឲ្យដឹងថា អ៊ីស្រាអែល បានបង្កើនការវាយប្រហារតាមច្រកអាកាសរបស់ពួកគេ ចាប់តាំងពីយប់ថ្ងៃអង្គាររហូតមក ជាមួយនឹងការវាយប្រហារជាលើកដំបូងលើទីក្រុងទេសចរណ៍ Jiyyeh ស្ថិតនៅភាគខាងត្បូងទីក្រុង Beirut និងទីក្រុង Maaysrah ។
ក្រុមហេសប៊ូឡា និងអ៊ីស្រាអែល បានធ្វើសង្រ្គាមឆ្លងព្រំដែន ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមអ៊ីស្រាអែលលើតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សជាង ៤១.៤០០នាក់ ដែលភាគច្រើននៃពួកគេ គឺជាស្រ្តី និងកុមារ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់លើតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ៕



