វិមានក្រឹមឡាំង បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី នៅថ្ងៃពុធ ស្តីពីការទប់ស្កាត់នុយក្លេអ៊ែរ ខណៈទីក្រុងមូស្គូថ្លឹងថ្លែងពីវិធីឆ្លើយតប ចំពោះសំណើរបស់អ៊ុយក្រែន ដែលសុំឲ្យប្រទេសលោកខាងលិចអនុញ្ញាតឲ្យខ្លួនវាយប្រហារចូលជ្រៅទៅក្នុងដែនដីរុស្ស៊ី ដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច។
សង្គ្រាម នៅអ៊ុយក្រែន ដែលមានរយៈពេល ២ឆ្នាំកន្លះ បានបណ្តាលឲ្យមានការប្រឈមមុខគ្នាអាក្រក់បំផុត រវាងរុស្ស៊ី និងលោកខាងលិច គិតចាប់តាំងពីវិបត្តិមីស៊ីលគុយបា ឆ្នាំ១៩៦២ ដែលត្រូវបានគេចាត់ទុកថា ជាពេលដែលមហាអំណាចសង្រ្គាមត្រជាក់ទាំង២ បានខិតកាន់តែកៀកបំផុតទៅនឹងការមានចេតនាធ្វើសង្រ្គាមនុយក្លេអ៊ែរ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានពណ៌នាកិច្ចប្រជុំនៅថ្ងៃពុធថា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។ លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «នឹងមានសុន្ទរកថារបស់ប្រធានាធិបតី។ អ្វីផ្សេងទៀត សម្រាប់ហេតុផលជាក់ស្តែង នឹងត្រូវបានសម្គាល់ថា ជាអាថ៌កំបាំងកម្រិតខ្ពស់បំផុត»។
គួរបញ្ជាក់ថា រុស្ស៊ីបានបង្ហើបឲ្យដឹងថា ខ្លួនកំពុងស្ថិតក្នុងដំណើរការកែប្រែគោលការណ៍នុយក្លេអ៊ែររបស់ខ្លួន ពោលគឺជាអ្វីកំណត់ពីកាលៈទេសៈពេលវេលាដែលខ្លួនអាចងាកទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរ៕