នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់របស់រដ្ឋមន្ត្រីការបរទេសអារ៉ាប់ដែលធ្វើឡើងនៅទីក្រុងញូវយ៉ក កាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Fuad Hussein បានបង្ហាញសំណើក្នុងនាមប្រទេសអ៊ីរ៉ាក់ ដើម្បីរៀបចំកិច្ចប្រជុំអារ៉ាប់និងឥស្លាមរួម។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការបរទេសអ៊ីរ៉ាក់ សំណើនេះ បានធ្វើឡើងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអ៊ីរ៉ាក់ ដើម្បីជំរុញឲ្យប្រទេសអារ៉ាប់ និងប្រទេសឥស្លាមប្រកាន់ជំហររួបរួមឆ្ពោះទៅរកការវាយប្រហារជាបន្តបន្ទាប់របស់អង្គភាពអ៊ីស្រាអែលប្រឆាំងនឹងលីបង់។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបង្រួបបង្រួមកិច្ចខិតខំប្រឹងប្រែងរបស់អារ៉ាប់ និងឥស្លាម ហើយធ្វើការដើម្បីកៀងគរការគាំទ្រការទូត និងនយោបាយ ដើម្បីបង្ខំឲ្យអ្នកឈ្លានពានបញ្ឈប់ការឈ្លានពានរបស់ខ្លួន និងគោរពអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសលីបង់។ នៅក្នុងសុន្ទរកថារបស់ខ្លួន លោករដ្ឋមន្ត្រី Fuad Hussein បានអះអាងពីសារៈសំខាន់នៃសកម្មភាពអារ៉ាប់ និងឥស្លាម ដើម្បីបញ្ឈប់ការពង្រីកសង្រ្គាមនៅក្នុងតំបន់ និងការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។
ក្រសួងការបរទេសបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រប្រទេសលីបង់ និងអធិបតេយ្យភាពរបស់ខ្លួន ហើយបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍បន្ទាន់ និងបញ្ឈប់ការវាយប្រហារដើម្បីរក្សាស្ថិរភាពក្នុងតំបន់។