អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយថា ប្រទេសចិន កំពុងចូលរួមក្នុងការអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងមានសិទ្ធិពេញលេញ ក្នុងការបាញ់សាកល្បងមីស៊ីល បន្ទាប់ពីការបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីប (ICBM) ដោយកងទ័ពរំដោះប្រជាជនចិន។ ការបាញ់នេះដែរ គឺជាផ្នែកមួយនៃសមយុទ្ធយោធា។
លោក Peskov បាននិយាយថា៖«នេះគឺជាសិទ្ធិអធិបតេយ្យរបស់ប្រទេសចិន។ ប្រទេសចិន កំពុងថែរក្សាឥរិយាបថយោធារបស់ខ្លួន។ យើងគោរព [សិទ្ធិនេះ] ហើយជាការពិតណាស់ នៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងដែលមានរវាងប្រទេសទាំងពីរ រួមទាំងតាមរយៈក្រសួងការពារជាតិ មានការផ្លាស់ប្តូរគ្នានូវព័ត៌មានដែលចាំបាច់។
ដូចដែលក្រសួងការពារជាតិចិន បាននិយាយមុននេះ ការបាញ់មីស៊ីលនោះ ត្រូវបានធ្វើឡើង នៅថ្ងៃទី ២៥ ខែកញ្ញានេះ ដែលជាផ្នែកមួយនៃសមយុទ្ធកម្លាំងមីស៊ីល។ គោលបំណងរបស់វា គឺដើម្បីសាកល្បងអាវុធ និងកម្រិតនៃការហ្វឹកហ្វឺនរបស់បុគ្គលិក។ ប្រទេសចិន បានជូនដំណឹងដល់ប្រទេសក្នុងតំបន់អំពីការបាញ់បង្ហោះជាមុន។ មីស៊ីលដែលផ្ទុកក្បាលគ្រាប់ បានធ្លាក់ក្នុងតំបន់កំណត់នៃមហាសមុទ្រប៉ាស៊ីហ្វិក។ ទោះជាយ៉ាងណា ទីក្រុងប៉េកាំង បានសង្កត់ធ្ងន់ថា ការបាញ់បង្ហោះនេះ បានអនុវត្តតាមច្បាប់អន្តរជាតិ និងការអនុវត្តជាអន្តរជាតិ ហើយមិនសំដៅប្រឆាំងនឹងប្រទេសណាមួយឡើយ។