រដ្ឋាភិបាលរ៉ូម៉ានី បានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ប្រាក់កម្ចីដោយផ្ទាល់ចំនួន ៩២០លានដុល្លារជាមួយប្រទេសរ៉ូម៉ានី នាថ្ងៃពុធ (ទី២៥ ខែកញ្ញា) នេះ ដើម្បីគាំទ្រដល់កម្មវិធីទំនើបកម្មផ្នែកការពារជាតិរបស់ខ្លួន។
កិច្ចព្រមព្រៀងនេះ កើតមានឡើងនៅពេលដែលរ៉ូម៉ានីស្វែងរកការជំរុញផែនការចំណាយផ្នែកការពារជាតិរបស់ខ្លួន បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ រូម៉ានី ដែលជាសមាជិកនៃអង្គការណាតូ (NATO) និងសហភាពអឺរ៉ុប មានបំណងចំណាយ ២,៥ភាគរយនៃ GDP (ផលិតផលក្នុងស្រុកសរុប) របស់ខ្លួនលើវិស័យការពារជាតិ។
រូម៉ានីមានព្រំដែនរួម ៦៥០គីឡូម៉ែត្រជាមួយអ៊ុយក្រែន ហើយបំណែកយានដ្រូនរបស់រុស្ស៊ី បានធ្លាក់ម្តងហើយម្តងទៀតចូលទៅក្នុងដែនដីរបស់ខ្លួន ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ។ ហើយតំបន់ខ្លះទៀត ក៏នៅជិតកំពង់ផែទន្លេ Danube របស់អ៊ុយក្រែន ដែលជារឿយៗត្រូវបានរុស្ស៊ីកំណត់គោលដៅ។
ក្រោមកិច្ចព្រមព្រៀងប្រាក់កម្ចីនេះ ក្រសួងការពារជាតិនឹងទទួលដោយផ្ទាល់នូវទឹកប្រាក់ចំនួន ៧០០លានដុល្លារ ខណៈដែលចំនួនរហូតដល់ ២២០លានដុល្លារ នឹងផ្ដល់ទៅក្រុមហ៊ុនកម្មសិទ្ធិរបស់រដ្ឋ គឺ ROMARM ដែលគ្រប់គ្រងក្រុមហ៊ុនចំនួន ១៥ ដែលផលិតអាវុធ និងគ្រាប់រំសេវ រាប់ចាប់ពីរំសេវកាំភ្លើង រហូតដល់មីស៊ីលតម្រង់គោលដៅ៕