ប្រដាល់សកល៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រកាសត្រៀមរៀបចំគូប្រកួតដណ្ដើមប្រាក់លាននៅសប្ដាហ៍ទី៣ នៃព្រឹត្តិការណ៍ Ultimate Boxing Championship 2021 ក្រោយទទួលបានជោគជ័យជាថ្មីក្នុងការរៀបចំការប្រកួតសប្ដាហ៍ទី២ កាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការបញ្ជាក់របស់អគ្គលេខាធិការសហព័ន្ធលោក ប៊ុយ សុភ័ណ្ឌ។

អគ្គលេខាធិការសហព័ន្ធដដែលបញ្ជាក់ថា គូដណ្ដើមប្រាក់លានលើកដំបូងលើសង្វៀន Ultimate Boxing Championship 2021 នេះ សហព័ន្ធនឹងផ្ដល់ឱកាសសម្រាប់កីឡាករជម្រើសជាតិ ៤រូបដើម្បីបង្ហាញ ក៏ដូចជាពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២២ នៅវៀតណាមដែលគ្រោងរៀបចំនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ខាងមុខ។

ចំពោះលទ្ធផលការប្រកួតសប្ដាហ៍ទី២ នៃកម្មវិធីដែលរៀបចំផ្ទាល់ដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជានេះ រួមមានគូឯកកីឡាករ ទូច ដេវីត បានយកឈ្នះពិន្ទុលើកីឡាករ ខុន ឌីណា ខណៈគូឯករងរវាងកីឡាការិនី នៅ ស្រីពៅ និង វី ស្រីស្រស់ បានត្រឹមស្មើគ្នា។ ចំណែកគូពិសេស កីឡាករ អំ ខេម បានយកឈ្នះកីឡាករ ឈុន ប្រាក់កាក់ ដោយពិន្ទុ។ រីឯ ៣គូទៀត រួមមានកីឡាករ លីន ឌឹមង៉ែត ឈ្នះពិន្ទុកីឡាករ ឆន ឈៀនរ៉ាន់, កីឡាករ វុទ្ធី ពិសី ចាញ់ពិន្ទុកីឡាករ រុំ ធារ៉ា និងកីឡាករ ផល ស៊ីឡុង ឈ្នះពិន្ទុកីឡាករ ឈិន សីហា៕
អត្ថបទ៖ លី ឈុនឡា