នៅថ្ងៃពុធនេះ ក្រុមហេសប៊ូឡា បានបង្កើនការវាយប្រហាររបស់ពួកគេលើអ៊ីស្រាអែល ជាមួយនឹងការផ្លោងគ្រាប់រ៉ុក្កែតលើទីក្រុងជាច្រើនរបស់អ៊ីស្រាអែល ។
នៅក្នុងរូបភាពវីដេអូឃ្លីប ឃើញពលរដ្ឋ ប្រញាប់ញាល់រត់ទៅកាន់ផ្ទះរងការឆាប់ឆេះដែលរងការវាយប្រហារពីរ៉ុក្កែតនៅទីក្រុងភាគខាងជើង Safed របស់អ៊ីស្រាអែល ។
អ្នកស្រុក បានជាប់ខ្លួននៅក្នុងផ្ទះ ហើយក្រុមជួយសង្រ្គោះ ត្រូវបានទូរស័ព្ទហៅទៅកាន់ទីនោះ ។
កងទ័ពអ៊ីស្រាអែល និយាយថា រ៉ុក្កែត ៤០គ្រាប់ ត្រូវបានបាញ់ចេញពីលីបង់លើទីក្រុង Safed ។
នៅក្នុងរូបភាពវីដេអូឃ្លីបមួយផ្សេងទៀត ឃើញផ្សែងហុយលើអាកាស ក្រោយការបាញ់ស្កាត់បានរ៉ុក្កែតមួយចំនួន ហើយរូបភាពថតបានពេលដែលរ៉ុក្កែតធ្លាក់លើជើងភ្នំ ជិតផ្លូវហាយវ៉េ ស្ថិតនៅក្នុងទីក្រុង Rosh Pina ។
ខណៈពេលនោះដែរ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា ក្រុមហេសប៊ូឡា បានរងការបំផ្លិចបំផ្លាយ៉ាងធ្ងន់ធ្ងរ ហើយអ៊ីស្រាអែល ប្តេជ្ញាចិត្តថា នឹងបន្តការវាយលុករបស់ពួកគេតទៅទៀត ។ លោក និយាយថា ក្រុមហេសប៊ូឡាថ្ងៃនេះ មិនមែនជាក្រុមហេសបូឡាកាលពីមួយសប្តាហ៍មុននោះទេ ។
លោកបានធ្វើសេចក្តីថ្លែងការណ៍នេះ ខណៈលោកបាននិយាយជាមួយកងទ័ព បន្ទាប់ពីសមយុទ្ធមួយ ដែលធ្វើជាការវាយលុកផ្លូវគោក នៅប្រទេសលីបង់ ៕



