អង់គ្លេស នឹងបញ្ជូនទាហានទៅកាន់ប្រទេសស៊ីប ដើម្បីជួយជនជាតិរបស់ខ្លួនចាកចេញពីប្រទេសលីបង់ ស្របពេលដែលលោកនាយករដ្ឋមន្រ្តី Keir Starmer ព្រមានថា ការកើនឡើងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសប៊ូឡា កំពុងរុញច្រានឲ្យតំបន់ធ្លាក់ក្នុងមាត់ជ្រោះ ។
រដ្ឋាភិបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទាហាន ៧០០នាក់ នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសស៊ីប ដើម្បីពង្រឹងវត្តមានរបស់ពួកគេនៅទីនោះ ជាទីដែលមានរួចទៅហើយនាវាចម្បាំង២គ្រឿង របស់ពួកគេ ឧទ្ធម្ភាគចក្រដឹកជញ្ជូន និងយន្តហោះ ។
រដ្ឋាភិបាលអង់គ្លេស បានណែនាំឲ្យពលរដ្ឋរបស់ខ្លួនទាំងអស់បច្ចុប្បន្ននៅក្នុងប្រទេសលីបង់ ត្រូវចាកចេញជាបន្ទាន់ ។
ការប្រយុទ្ធគ្នាដ៏ក្តៅគគុកក្នុងសប្តាហ៍នេះ រវាងអ៊ីស្រាអែល និងក្រុមហេសប៊ូឡាគាំទ្រដោយអ៊ីរ៉ង់ បានបង្កើនការព្រួយបារម្ភថា ជម្លោះរយៈពេលជិត ១ឆ្នាំ នឹងផ្ទុះឡើង ហើយនិងធ្វើឲ្យអស្ថិរភាពដល់តំបន់មជ្ឈិមបូព៌ា ជាទីដែលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះរួចទៅហើយដែរ នៅក្នុងតំបន់ហ្កាហ្សា ៕