រូបភាពដែលថតបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញភ្លើងឆេះព្រៃនៅតំបន់ភាគកណ្តាល Cordoba ប្រទេសអាហ្សង់ទីន បានបំផ្លិចបំផ្លាញដីកសិកម្ម និងទីតាំងទេសចរណ៍ជាច្រើនកន្លែង ។
ទីក្រុង Capilla del Monte ដែលស្ថិតក្នុងចំណោមទីក្រុងរងផលប៉ះពាល់ខ្លាំងជាងគេនោះ ឃើញសត្វគោក្របីងាប់គ្មានសល់ ហើយរោងចាំចម្ការនៅសល់តែគ្រោងឆ្អឹង ។
រដ្ឋាភិបាលតំបន់ Cordoba បានប្រកាសនៅលើបណ្តាញព័ត៌មានសង្គម Xថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ១៥០នាក់ ត្រូវបានដាក់ពង្រាយជាមួយរថយន្តពន្លត់អគ្គិភ័យ និងឧទ្ធម្ភាគចក្រ ដើម្បីការពារអណ្តាតភ្លើងពីការរីករាលដាលដល់តំបន់ជនបទ ។
ភ្លើងឆេះព្រៃដែលបានឆាបឆេះកាលពីសប្តាហ៍មុន កាន់តែធ្ងន់ធ្ងរទៅ ដោយសារសីតុណ្ហភាពខ្ពស់ ស្ថានភាពអាកាសធាតុស្ងួត និងខ្យល់បក់ខ្លាំង ។
លោក Benjamin Grandoliគឺជាម្ចាស់កសិដ្ឋានចិញ្ចឹមគោក្របី និយាយថា សត្វចិញ្ចឹមរបស់លោក ២៨០ក្បាល បានងាប់អស់ ហើយឥឡូវពួកយើងកំពុងរកវិធីគួរដោះស្រាយបែបណា ពេលជួបស្ថានការបែបនេះ ។
លោកបន្តថា បច្ចុប្បន្នគោក្របីរបស់លោកនៅក្នុងក្រោល ប៉ុន្តែវាគ្មានចំណី និងទឹកផឹកនោះទេ ដោយសារគ្រោះរាំងស្ងួត ។ វាពិតជាស្មុគស្មាញខ្លាំងណាស់ ៕