-មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញកាលពីថ្ងៃពុធ ២៥ កញ្ញាសប្ដាហ៍នេះ ដើម្បីបង្ហាញសាមគ្គីភាពរបស់ពួកគេជាមួយប្រជាជនលីបង់ និងប៉ាឡេស្ទីន នៅដែនដីហ្កាហ្សា ហើយបានថ្កោលទោសសកម្មភាពរបស់អ៊ីស្រាអែលដែលបានបើកការវាយប្រហារតាមអាកាសយ៉ាងសន្ធាប់សម្លាប់មនុស្សជាង៥០០នាក់នៅលីបង់។

ដោយស្រែកពាក្យស្លោកប្រឆាំងអ៊ីស្រាអែល និងកាន់ស្លាកសញ្ញាថ្កោលទោសការឈ្លានពានរបស់អ៊ីស្រាអែល ក្រុមបាតុករដែលមានគ្រួសារទាំងនៅលីបង់ និងតំបន់ហ្កាហ្សាបានសម្តែងការភ័យខ្លាចចំពោះអនាគតរបស់ពួកគេ ហើយបាននិយាយថាពួកគេខឹងខ្លាំងណាស់ព្រោះគ្មានរដ្ឋាភិបាលលោកខាងលិចណាមួយចេញមុខបញ្ឈប់អំពើប្រល័យពូជសាសន៍នេះបានទេ ។

- ចំណែកនៅប្រទេសយម៉ែនឯណោះវិញ សិស្ស -និស្សិត យេម៉ែនរាប់រយនាក់មកពីសាកលវិទ្យាល័យ សាណា(Sanaa) បានប្រមូលផ្តុំគ្នាកាលពីថ្ងៃពុធ ២៥ កញ្ញា សប្ដាហ៍នេះដែរ ដើម្បីបង្ហាញ សាមគ្គីភាពជាមួយប្រជាជនលីបង់ និងពលរដ្ឋនៅហ្កាហ្សា។
ក្រុមបាតុករបានកាន់ទង់ជាតិលីបង់ និងប៉ាឡេស្ទីន ដោយស្រែកពាក្យស្លោកប្រឆាំងអ៊ីស្រាអែល និង សហរដ្ឋអាមេរិក ដោយពួកគេលើកឡើងថា ថ្ងៃនេះយើងបានចេញមកនិយាយអំពីប្រទេសលីបង់ ហើយនិយាយថា អ៊ីស្រាអែលបានបើកការប្រឈមដាក់គ្នាជាមួយនឹងការតស៊ូរបស់លីបង់។
- នៅឯទីក្រុង Ramallah ដែនដីប៉ាឡេស្ទីន ពលរដ្ឋបានដើរដង្ហែតាមដងផ្លូវ ដើម្បីគាំទ្រប្រទេសលីបង់មួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ហេសបូឡា និងឥស្សរជនជាន់ខ្ពស់ផ្សេងទៀតនៅក្នុងចលនាលីបង់ក្នុងការវាយប្រហារតាមអាកាសលើរដ្ឋធានីបេរូត។
-ជាមួយគ្នានោះដែរប្រជាជនហ្ស៊កដានីរាប់រយនាក់បានដើរដង្ហែរនៅកណ្តាលរដ្ឋធានីអាម៉ង់ (Amman) បង្ហាញការគាំទ្រតំបន់ហ្កាហ្សា និងលីបង់។ មនុស្សជាច្រើននៅឯការតវ៉ានោះ បានកាន់ស្លាកសញ្ញាប៉ាឡេស្ទីន និងទង់ជាតិហ្ស៊កដានី ហើយបានស្រែកពាក្យស្លោកគាំទ្រប៉ាឡេស្ទីន។
-នៅសហរដ្ឋអាមេរិក ក៏មានការតវ៉ាដែរ ដោយក្រុមបាតុករបានធ្វើបាតុកម្មនៅទូទាំងសហរដ្ឋអាមេរិកប្រឆាំងនឹងការគាំទ្រផ្នែកយោធារបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ប្រទេសអ៊ីស្រាអែល ខណៈហានិភ័យនៃជម្លោះពេញបន្ទុកនៅមជ្ឈិមបូព៌ាកើនឡើងកាន់តែខ្លាំង៕