រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយកាលពីថ្ងៃពុធថា តំបន់នេះកំពុងស្ថិតលើមាត់ជ្រោះនៃមហន្តរាយពេញបន្ទុក ដោយសារតែភាពតានតឹងកាន់តែរីកធំឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយបានព្រមានថា ទីក្រុងតេអេរ៉ង់ នឹងមិននៅស្ងៀមឡើយក្នុងករណីមានសង្គ្រាមនៅប្រទេសលីបង់។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ លោក Araqchi បាននិយាយថា អ៊ីស្រាអែល បានឆ្លងកាត់ «បន្ទាត់ក្រហមទាំងអស់» និងបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវតែធ្វើអន្តរាគមន៍ដើម្បីស្តារសន្តិភាព និងស្ថិរភាពឡើងវិញ។
ទន្ទឹមនឹងនេះដែរ ថ្លែងបន្ទាប់ពីទៅដល់ទីក្រុង New York ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីដើមសប្ដាហ៍នេះ លោកប្រធានាធិបតីអ៊ីរ៉ង់ ម៉ាស៊ូដ ប៉េហ្សេស្គីអាន (Masoud Pezeshkian) បាននិយាយថា ប្រទេសរបស់លោក នឹងឆ្លើយតបដ៏ស័ក្ដិសមចំពោះការលួចធ្វើឃាតសម្ព័ន្ធមិត្តរបស់ប្រទេសអ៊ីរ៉ង់ ដល់ក្នុងផ្ទះរបស់ខ្លួន៕
