បណ្តាមេដឹកនាំ មកពីប្រទេសផ្សេងៗ និងអង្គការជំនួយអន្តរជាតិ បានជួបប្រជុំគ្នា ក្នុងអំឡុងមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីជម្លោះដែលនៅបន្តនៅក្នុងប្រទេសស៊ូដង់។

សហរដ្ឋអាមេរិក បាននិយាយថា ខ្លួននឹងផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន៤២៤លានដុល្លារ ដល់ប្រជាជនស៊ូដង់ នេះបើយោងតាមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield ដែលបានប្រកាស ក្នុងអំឡុងកិច្ចប្រជុំ។
សង្រ្គាម បានផ្ទុះឡើងកាលពីពាក់កណ្តាល ខែមេសា ឆ្នាំមុន ដោយសារតែការដណ្តើមអំណាច រវាងកងទ័ពស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) មុនពេលការផ្លាស់ប្តូរតាមផែនការទៅរកការគ្រប់គ្រងបែបស៊ីវិល។

លោកស្រី Thomas-Greenfield បានបញ្ជាក់ពីតម្រូវការដើម្បីបង្ខំឲ្យភាគីសង្រ្គាមទទួលយកការផ្អាកប្រយុទ្ធដើម្បីមនុស្សធម៌នៅក្នុងទីក្រុង al-Fashir ទីក្រុងKhartoum និងតំបន់ដែលងាយរងគ្រោះខ្លាំងផ្សេងទៀត ដោយដកការរារាំងសម្រាប់ដំណើរការចូលផ្នែកមនុស្សធម៌ នៅគ្រប់ផ្លូវទាំងអស់ ហើយដាក់អាវុធរបស់ពួកគេចុះ ដើម្បីចរចា។
មន្ត្រីមកពីកម្មវិធីស្បៀងអាហារពិភពលោកនិយាយថា ប្រជាជនស៊ូដង់រាប់លាននាក់ ប្រឈមទៅនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ ដោយមនុស្សជាច្រើនស្ថិតក្នុងស្ថានភាពទុរ្ភិក្ស ហើយមនុស្សប្រហែល១១លាននាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ដែលបង្កើតជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតនៅលើពិភពលោក។