ព្យុះសង្ឃរា មានឈ្មោះថា ហេលេន (Helene) ដែលកំពុងបង្កើនកម្លាំងកាន់តែខ្លាំងពីព្យុះត្រូពិក បានវាយប្រហាររដ្ឋតំបន់ឆ្នេរ គ្វីនតាណា រូ (Quintana Roo)របស់ប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ ដោយនាំមកនូវភ្លៀងធ្លាក់ជោគជាំ និងខ្យល់បក់ខ្លាំងទៅកាន់ទីក្រុង ខេនខាន់ (Cancun) និងតំបន់ជុំវិញ។

ខណៈព្យុះប្រភេទទី ១ បានលេចឡើងនៅព្រឹកថ្ងៃពុធ ព្យុះនេះបានបញ្ចេញឥទ្ធិពលនៅក្នុងតំបន់សមុទ្រការ៉ាអ៊ីប ខណៈកម្លាំងបង្កការបំផ្លិចបំផ្លាញរបស់វា ឥឡូវនេះកំពុងស្ថិតនៅលើតំបន់ឆ្នេរសមុទ្ររដ្ឋ Floridaសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលគំរាមកំហែងដល់អាយុជីវិត។
បច្ចុប្បន្នព្យុះសង្ឃរា Helene កំពុងវាយលុកភាគខាងលិចប្រទេសគុយបា និងឧបទ្វីប យ៉ូកាតាន់ (Yucatan) ។ ទីក្រុងខេនខាន់ (Cancun) ជាទីដែលមានឆ្នេរស្អាតបំផុតក្នុងប្រទេសម៉ិកស៊ិក គឺជាផ្លូវរបស់ព្យុះនេះ។

ការជម្លៀសពលរដ្ឋកំពុងដំណើរការ ហើយពេលវេលាជិតអស់សម្រាប់ប្រជាជនក្នុងរដ្ឋ Florida ដើម្បីត្រៀមខ្លួនទប់ទល់ព្យុះត្រូពិកនេះ ដែលគំរាមកំហែងបោកបក់ជាប្រភេទព្យុះដ៏ខ្លាំងក្លាបំផុតលើទឹកដីសហរដ្ឋអាមេរិកក្នុងរយៈពេលជាងមួយឆ្នាំ។
មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិកបាននិយាយថា ពេលនេះព្យុះសង្ឈរា ហេលេន ត្រូវបានគេព្យាករណ៍ថានឹងឈានដល់កម្រិតមហន្តរាយទី៤ នៅពេលកំពុងបោកបក់ក្នុងរដ្ឋ Floridaនៅថ្ងៃព្រហស្បតិ៍នេះ ៕