បាល់ទាត់៖ អ្នកចាត់ការក្លិបបាល់ទាត់ Manchester City លោក Pep Guardiola បាននិយាយថា លោកមិនទំលាប់ភ្នែកឡើយដែលឃើញ Lionel Messi លេងឱ្យ Paris Saint Germain។ លោក Pep Guardiola ធ្លាប់ដឹកនាំ Barcelona លើកពាន Champions League ពីរលើកដែលនៅពេលនោះ Messi ជាបេះដូងរបស់ Barcelona ក្នុងការនាំយកជ័យជំនះ។

លោក Pep អាចនឹងប្រឈមជាមួយនឹងអតីតកីឡាកររបស់ខ្លួនរាត្រីនេះ តែគេមិនទាន់ដឹងច្បាស់នៅឡើយថា កីឡាករអាហ្សង់ទីនរូបនេះអាចចូលលេង រឺក៏អត់។ Lionel Messi នឹងអាចចូលលេងប្រកួតយប់នេះបាន រឺអត់ត្រូវរង់ចាំមើលសិន នេះជាការលើកឡើងរបស់លោក Mauricio Pochettino បន្ទាប់ពីកីឡាករវ័យ ៣៤ឆ្នាំរូបនេះអវត្តមាន ២ប្រកួតមកហើយដោយសាររបួសជង្គង់បន្តិចបន្តួច។ Manchester ទើបតែទទួលបានជំនឿចិត្ត ក្រោយយកឈ្នះក្រុមការពារតំណែងជើងឯក Chelsea កាលពីថ្ងៃសៅរ៍នៅ Premier League។
ក្រុមរបស់លោក Pep Guardiola មិនមានបញ្ហារបួសឡើយមុនជំនួបរាត្រីនេះ។ ក្រុមទាំងពីរធ្លាប់មានប្រវត្តិជួបគ្នាចុងក្រោយបំផុតនៅរដូវកាលមុនដោយ Manchester City បានយកឈ្នះ PSG ទាំងពីរជើងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
អត្ថបទ៖នាង សុភាវុធ