អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៦ កញ្ញា) នេះថា ខ្លួនបានរកឃើញកំណើននៃយន្តហោះចម្បាំងរបស់ចិន ដែលហោះហើរនៅក្បែរឆ្នេរភាគខាងកើត ខាងលិច និងភាគខាងត្បូងរបស់ខ្លួន នៅក្នុងអ្វីដែលប្រភពសន្តិសុខនិយាយថា ប្រទេសចិន បានធ្វើសមយុទ្ធនិមិត្តការវាយប្រហារដើម្បីរារាំងកងកម្លាំងបរទេសដែលជួយក្នុងអំឡុងពេលមានជម្លោះ។

កោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ដែលទីក្រុងប៉េកាំង ចាត់ទុកជាទឹកដីរបស់ខ្លួន បានត្អូញត្អែរពីការបង្កើនសកម្មភាពយោធារបស់ចិន ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះដើម្បីបញ្ជាក់ការទាមទារអធិបតេយ្យភាព ដែលទីក្រុងតៃប៉ិ បដិសេធ។

នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនស្តីពីចលនាយោធារបស់ចិនក្នុងរយៈពេល ២៤ម៉ោងកន្លងមក អាជ្ញាធរការពារជាតិតៃវ៉ាន់និយាយថា ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ៤៣គ្រឿង ដែលកំពុងប្រតិបត្តិការជុំវិញកោះ ហើយយ៉ាងហោចណាស់ ១១គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ដែលពីមុនបានបម្រើជារបាំងក្រៅផ្លូវការ។

ប្រភពសន្តិសុខដែលដឹងពីស្ថានភាពនេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ប្រតិបត្តិការហោះហើរនេះគឺជាផ្នែកមួយនៃសមយុទ្ធប្រចាំឆ្នាំរបស់ចិន។ ប្រភពបន្តថា កងទ័ពរំដោះប្រជាជនចិន កំពុងហ្វឹកហាត់វាយប្រហារនិមិត្តនៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ដែលមានបំណងអនុវត្តការវាយតម្លៃដើម្បី "បញ្ឈប់ជំនួយបរទេស" នៅក្នុងព្រឹត្តិការណ៍នៃជម្លោះនៅក្នុងតំបន់។ ក្រសួងការពារជាតិចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕