អភិបាលក្រុង ហ្គីតូ លោក Pabel Munoz បានប្រកាសគ្រាអាសន្ន នៅក្នុងរដ្ឋធានីប្រទេសអេក្វាឌ័រ មួយនេះ កាលពីថ្ងៃពុធ ដោយសារតែចំហេះព្រៃឆេះហ៊ុមព័ទ្ធតំបន់ ក្នុងពេលគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រដែលទាមទារឲ្យបង្កើនធនធាន និងភាពអត់ធ្មត់។

លោក Munoz បាននិយាយថា ការសម្រេចចិត្តត្រូវបានធ្វើឡើងរួមគ្នា ជាមួយគណៈកម្មាធិការគ្រាអាសន្នទីក្រុង ហើយសមត្ថភាពរបស់រដ្ឋធានី ពុំមានលើសពីនេះនោះទេ ទោះបីជាចំហេះព្រៃខ្លាំងក៏ដោយ។
នៅតំបន់មួយចំនួន ជាតំបន់រងគ្រោះខ្លាំងបំផុតដោយចំហេះព្រៃដ៏មហន្តរាយបំផុត ដែលបានឆាបឆេះ កាលពីថ្ងៃអង្គារ ប្រជាជនបានបាត់បង់លំនៅឋាន ទ្រព្យសម្បត្តិ និងសត្វចិញ្ចឹមរបស់ពួកគេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ប្រជាជនជាង១០០គ្រួសារ ត្រូវបានជម្លៀសចេញ។

ប្រជាជនក្នុងតំបន់ដែលរងផលប៉ះពាល់ដោយចំហេះព្រៃដ៏ធំ និងកងពន្លត់អគ្គិភ័យ បានបន្តទប់ទល់នឹងភ្លើងព្រៃនៅក្នុងទីក្រុងហ្គីតូ កាលពីថ្ងៃពុធ។ លោក Munoz បាននិយាយថា ចំហេះព្រៃ បានធ្វើឲ្យប៉ះពាល់ដល់ផ្ទៃដី ២.០០០ ហិកតា ក្នុងទីក្រុងហ្គីតូ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤។
គ្រោះរាំងស្ងួតដ៏អាក្រក់បំផុតនៅប្រទេសអេក្វាឌ័រ ក្នុងរយៈពេលជាង៥០ឆ្នាំមកនេះ បានធ្វើឱ្យប្រទេសដែលពឹងផ្អែកលើវារីអគ្គិសនី ធ្លាក់ចូលទៅក្នុងវិបត្តិថាមពល ខណៈអាងស្តុកទឹកបានថយចុះ បណ្តាលឲ្យទំនប់វារីអគ្គិសនី ផ្អាកដំណើរការ។
រដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេស បានប្រកាសពីការកាត់ផ្តាច់ចរន្តអគ្គិសនីរយៈពេល១២ម៉ោងនៅទូទាំងប្រទេស កាលពីថ្ងៃចន្ទ និងបាននិយាយថា រដូវប្រាំងរបស់ប្រទេស បានចាប់ផ្តើមរយៈពេលមុនពីរខែ។