ក្រុមអ្នកជំនាញបានប្រាប់សារព័ត៌មាន The Wall Street Journal ថា ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា នៅលីបង់ កាន់តែខ្លាំងក្លា។ ក្រុមហេសបូឡា អាចជ្រើសរើសយកយុទ្ធសាស្ត្រដែលរុស្ស៊ីប្រើក្នុងសង្រ្គាមអ៊ុយក្រែន ដើម្បីគ្របសង្កត់លើអ៊ីស្រាអែលវិញ។

វិមានក្រឹមឡាំងបានគាំទ្រក្រុមហេសបូឡា និងក្រុមប្រដាប់អាវុធផ្សេងទៀតនៅមជ្ឈិមបូព៌ា។ក្រុមហេសបូឡាអាចប្រើប្រាស់ផ្នែកមួយនៃសៀវភៅយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅអ៊ុយក្រែន ដើម្បីគ្របដណ្ដប់លើការការពារដែនអាកាសរបស់អ៊ីស្រាអែល។

សារព័ត៌មាន The Wall Street Journal បានរាយការណ៍ថា ក្រុមអ្នកវិភាគយោធារំពឹងថា ក្រុមហេសបូឡា នឹងទទួលបានការបំផុសគំនិតពីកងកម្លាំងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការបាញ់ហ្វូងយានដ្រូន និងការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំទៅលើប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល។
ការចេញផ្សាយបាននិយាយថា ក្រុមដែលមានមូលដ្ឋាននៅលីបង់មួយនេះ ក៏អាចកំណត់គោលដៅមូលដ្ឋានយោធាសំខាន់ៗ កំពង់ផែ និងបណ្តាញអគ្គិសនីរបស់អ៊ីស្រាអែលផងដែរ។

ការយល់ឃើញពីក្រុមអ្នកវិភាគបែបនេះ កើតឡើងបន្ទាប់ពីប្រទេសលីបង់កាលពីថ្ងៃចន្ទបានទទួលរងការវាយប្រហារនៅថ្ងៃដ៏សោកនាដកម្មបំផុតពីអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ ២០០៦មក ដែលបានសម្លាប់មនុស្សជិត៦០០នាក់ និងរាប់ម៉ឺននាក់រត់ភៀសខ្លួន។ ការរំពឹងទុកកំពុងកើនឡើងថា អ៊ីស្រាអែលត្រៀមបើកការឈ្លានពានដោយថ្មើរជើងលើលីបង់ភាគខាងត្បូង ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ក្រុមហេសបូឡា បានក្លាយជាកម្លាំងដ៏មានឥទ្ធិពល និងស្មុគ្រស្មាញជាងមុនចាប់តាំងពីសង្គ្រាមចុងក្រោយរបស់ខ្លួន ហើយអាចវាយបកយ៉ាងខ្លាំងក្លាជាការឆ្លើយតប៕