ស្ទឹងត្រែង ៖ លោកបណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត (Bounfeng Phommalaysith) រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការការពារគ្រប់គ្រងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៃប្រទេសឡាវ បានថ្លែងអំណរអគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយនូវវ៉ាក់សាំងការពារមេរោគកូវីដ១៩ ដល់ប្រជាជន និងរដ្ឋាភិបាលឡាវ ដើម្បីចូលរួមចំណែកទប់ស្កាត់មេរោគកូវីដ១៩។
ថ្លែងនៅក្នុងពិធីផ្តល់ និងទទួលវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ដែលជាជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ នៅច្រកទ្វារព្រំដែនត្រពាំងក្រៀល-ណុងណុកខៀន លោកបណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត បានលើកឡើងថា «ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ សូមដឹងគុណយ៉ាងជ្រាលជ្រៅចំពោះចំនួយដ៏មានតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជានាពេលនេះ»។
នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជូនឯកឧត្តម ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បញ្ជាក់អំពីការផ្តល់អំណោយជូនរដ្ឋាភិបាលឡាវ នូវវ៉ាក់សាំងកូវីដ១៩ (ប្រភេទស៊ីណូវ៉ាក់) ចំនួន២០ម៉ឺនដូស ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏សាហាវកូវីដ១៩។
ក្នុងសារលិខិតនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចពិតជាមានសេចក្តីរីករាយជាអតិបរិមា ដែលមានឱកាសបានជួបដោយផ្ទាល់ជាមួយឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងអំឡុងពេលចូលរួមកិច្ចពិគ្រោះយោបល់រវាងថ្នាក់ដឹកនាំគណបក្សរបស់ប្រទេសកម្ពុជា ឡាវ និងវៀតណាម កាលពីថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២១ នៅទីក្រុងហាណូយ។
ជំនួបដោយផ្ទាល់នេះ បានអនុញ្ញាតឱ្យយើងធ្វើការពិភាក្សា និងផ្លាស់ប្តូរគ្នាបានយ៉ាងស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា ស្តីពីការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសយើង រួមទាំងដើម្បីដោះស្រាយបញ្ហាប្រឈមរួម។
សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា «វាពិតជាគួរឱ្យក្រៀមក្រំណាស់ ដែលអស់ពេលជិតពីរឆ្នាំមកហើយ តែប្រទេសនានាជុំវិញពិភពលោកនៅតែត្រូវតស៊ូទប់ទល់នឹងការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩ ដែលបានបន្តបង្កការលំបាកផ្នែកសេដ្ឋកិច្ច និងដាក់សម្ពាធបន្ថែមទៀតដល់សុខុមាលភាពរបស់ប្រជាជន។ ប្រទេសកម្ពុជា និងឡាវ ក៏មិនខុសពីប្រទេសដទៃទៀតដែរ ដោយមានការឆ្លងជំងឺកូវីត១៩ បំប្លែងថ្មីយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍។
ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេសបងប្អូនយើងទាំងពីរ រាជរដ្ឋាភិបាលកម្ពុជាសូមផ្តល់ជូនរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នូវអំណោយវ៉ាក់សាំង(ប្រភេទស៊ីណូវ៉ាក់)ចំនួន ២០០,០០០ដូស បន្ថែមទៀត ដើម្បីរួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់ប្រទេសឯកឧត្តម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏សាហាវនេះ»។
សូមបញ្ជាក់ថា ជំនួយវ៉ាក់សាំងចំនួន២០ម៉ឺនដូស ដែលផ្តល់ជូនដល់ប្រជាជន និងរដ្ឋាភិបាលឡាវនេះគឺ បានផ្តល់ដោយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា៕
អត្ថបទ ៖ បាន ចក់



