សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល គ្រប់អាណត្តិ បានខិតខំលើកកម្ពស់ និងធ្វើការកែទម្រង់ប្រព័ន្ធអប់រំជាប្រចាំ ព្រោះកាលណាមានប្រព័ន្ធអប់រំ និងធនធានមនុស្សល្អ នឹងធ្វើឱ្យប្រទេសកាន់តែមានការអភិវឌ្ឍរីកចម្រើនទៅមុខ និងអាចធ្វើការប្រកួត ប្រជែងជាមួយប្រទេសដទៃផងដែរ ។

ក្នុងពេលអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ត សេដ្ឋកិច្ច ចំនួន៣.៥៣០នាក់ នាថ្ងៃទី២៦ ខែកញ្ញា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា វិស័យអប់រំ គឺជាកត្តាសំខាន់បំផុត ដែលត្រូវតែបន្តលើកកម្ពស់ និងវិនិយោគឱ្យកាន់ តែធំបន្ថែមទៀត។ ជាក់ស្តែងនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ វិស័យអប់រំ ធនធានមនុស្ស និងសុខភាពមនុស្ស គឺមានអាទិភាពធំជាងគេ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានថ្លែងលើកឡើងផងដែរថា ចំណេះដឹង នឹងនៅជាប់ខ្លួនជានិច្ច ខណៈទ្រព្យសម្បត្តិ អាចបាត់ពីខ្លួនបានពេលជួបនូវគ្រោះមហន្តរាយផ្សេងៗ។ សម្តេចធិបតី បានលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំ ពង្រឹងឥរិយាបទយុវជនឱ្យបានល្អប្រកបដោយសីលធម៌ ផងដែរ ៕អត្ថបទ៖ ចក់