សមាជិកសភាកូរ៉េខាងត្បូងម្នាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៦ កញ្ញា) នេះដោយសម្អាងដល់ទីភ្នាក់ងារចារម្មថា ប្រទេសកូរ៉េខាងជើង មានសារធាតុភ្លុយតូនីញ៉ូម និងអ៊ុយរ៉ានីញ៉ូមគ្រប់គ្រាន់សម្រាប់ផលិតអាវុធនុយក្លេអ៊ែរបានក្នុងចំនួនតួលេខយ៉ាងតិចពីរខ្ទង់ ។

លោក លី សុងខ្វុន (Lee Seong-kweun) បាននិយាយនៅក្នុងគណៈកម្មាធិការចារកម្មសម្ងាត់របស់សភាថា ទីភ្នាក់ងារនេះក៏មើលឃើញការរំពឹងទុករបស់កូរ៉េខាងជើង ដែលអាចធ្វើតេស្តនុយក្លេអ៊ែរលើកទីប្រាំពីរ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី០៥ ខែវិច្ឆិកា។

កាលពីខែកក្កដា របាយការណ៍មួយរបស់សហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិកបានសន្និដ្ឋានថា ទីក្រុងព្យុងយ៉ាង ប្រហែលជាផលិតសម្ភារៈបំផ្ទុះបរិមាណូគ្រប់គ្រាន់សម្រាប់បង្កើតក្បាលគ្រាប់នុយក្លេអ៊ែរដល់ទៅ ៩០គ្រាប់ ប៉ុន្តែទំនងជាប្រមូលផ្តុំបានរួចហើយជិតដល់ ៥០គ្រាប់។

លោក Lee បាននិយាយថា នេះជារឿងកម្រណាស់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង ក្នុងការរាយការណ៍ពីដំណើរទស្សនកិច្ចរបស់មេដឹកនាំ គីម ជុងអ៊ុន ទៅកាន់កន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដោយលើកឡើងថា របាយការណ៍ដែលបានចេញផ្សាយកាលពីដើមខែនេះ ទំនងជាមានបំណងផ្ញើសារទៅកាន់ទីក្រុងវ៉ាស៊ីនតោន មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ឬអាចសម្រាប់គោលបំណងក្នុងស្រុក។
ទីក្រុងព្យុងយ៉ាង និយាយជារឿយៗថា ឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិករបស់ខ្លួនដើម្បីផ្ទុកគ្រឿងយុទ្ធោបករណ៍ទាំងនោះគឺចាំបាច់ដើម្បីប្រឆាំងការគំរាមកំហែងពីអាមេរិក និងសម្ព័ន្ធមិត្ត ហើយក៏បានលើកឡើងជាញឹកញាប់ដែរថា សព្វាវុធទាំងនោះជាកិត្យានុភាពជាតិ និងភស្តុតាងនៃអំណាចរបស់ប្រទេស៕