អាល្លឺម៉ង់៖ ការបោះឆ្នោតបានបិទបញ្ចប់ ហើយគណបក្សប្រជាធិបតេយ្យសង្គមនិយមឆ្វេងនិយមកណ្ដាលរបស់អាល្លឺម៉ង់ (SPD) បានអះអាងថា ទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតសហព័ន្ធ។ ប៉ុន្តែប្រទេសនេះមិនទាន់ដឹងច្បាស់ថា អ្នកណានឹងក្លាយជាមេដឹកនាំបន្ទាប់របស់ខ្លួនទេ។

ឥឡូវនេះដំណើរការស្មុគស្មាញនៃការបង្កើតរដ្ឋាភិបាលចំរុះបានចាប់ផ្តើមហើយ។ មេដឹកនាំ SPD លោក Olaf Scholz ចង់ធ្វើការជាមួយគណបក្សបៃតង និងបក្សសេរីនិយម។ ប៉ុន្តែគូប្រជែងរបស់លោកមកពីគណបក្សអភិរក្សគឺលោក Armin Laschet នឹងមិនចុះចាញ់ដោយងាយនោះទេ។ ការពិភាក្សាអាចចំណាយពេលច្រើនខែ។ រហូតមកដល់ពេលនេះលោកស្រី Angela Merkel នឹងនៅតែបន្តកាន់តំណែងនៅឡើយ។ ប្រជាពលរដ្ឋអាល្លឺម៉ង់បានចេញទៅបោះឆ្នោតកាលពីថ្ងៃទី២៦ ខែកញ្ញា។ នោះគឺជាការបោះឆ្នោតដ៏សំខាន់មួយព្រោះថា អធិការបតីថ្មីនឹងជំនួសលោកស្រី Angela Merkel ដែលបានកាន់អំណាចរយៈពេល ១៦ឆ្នាំ។
នេះគឺជាការប្រណាំងប្រជែងដ៏តឹងតែងបំផុត ប៉ុន្តែគ្មានគណបក្សណាមួយទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដើម្បីបង្កើតសំឡេងភាគច្រើននៅក្នុងសភាអាល្លឺម៉ង់ ឬ Bundestag បានទេ។ នោះមានន័យថា រដ្ឋាភិបាលចម្រុះមួយត្រូវតែបង្កើតឡើង។ នេះមិនមែនជារឿងថ្មីទេសម្រាប់អាល្លឺម៉ង់ព្រោះចាប់តាំងពីសង្គ្រាមលោកលើកទី២ មកគ្មានគណបក្សណាមួយធ្លាប់ទទួលបានអាសនៈគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាលដោយខ្លួនឯងបានទេ៕
អត្ថបទ៖ សុខមាន