អភិបាលក្រុងញូវយ៉ក លោក អេរីក អាដាមស៍ (Eric Adams) បាននិយាយកាលពីថ្ងៃពុធ (២៥ កញ្ញា) ថា លោករំពឹងថានឹងខ្លួនត្រូវចោទប្រកាន់ពីបទព្រហ្មទណ្ឌសហព័ន្ធ ហើយបានប្រកាសថាខ្លួនស្អាតស្អំ បន្ទាប់ពីសារព័ត៌មាន ញូវយ៉ក ថែមស៍ (NYT) រាយការណ៍ថាលោកត្រូវបានចោទប្រកាន់រួចហើយ ក្រោយការស៊ើបអង្កេតអំពើពុករលួយរបស់សហព័ន្ធ។

លោក Adams មកពីបក្សប្រជាធិបតេយ្យដែលនឹងក្លាយទៅជាអភិបាលក្រុងដំបូងគេក្នុងចំណោមអភិបាល ១១០នាក់របស់ទីក្រុងញូវយ៉ក ដែលត្រូវចោទពីបទព្រហ្មទណ្ឌក្នុងពេលកំពុងកាន់តំណែង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រសិនបើការចោទប្រកាន់ត្រូវបានដាក់ទៅតុលាការ បណ្ដឹងនោះនឹង "ជារឿងកុហកបោកប្រាស់" ដោយប្តេជ្ញាថានឹងបន្តកាន់តំណែងក្នុងពេលតតាំងនឹងបទចោទទាំងនោះ។

កាសែត ញូវយ៉ក ថែមស៍ បានរាយការណ៍ថា ការចោទប្រកាន់ទំនងជាត្រូវបើកបង្ហាញនៅថ្ងៃព្រហស្បតិ៍ (២៦ កញ្ញា) នេះនៅពេលលោក Adams បង្ហាញខ្លួនក្នុងតុលាការ ប៉ុន្តែនៅពេលនេះ ការចោទប្រកាន់ពិតប្រាកដនៅតែមិនច្បាស់លាស់ ហើយគេក៏មិនទាន់ច្បាស់ដែរថាតើលោក Adams នឹងត្រូវចាប់ខ្លួន ឬប្រគល់ខ្លួនដោយស្ម័គ្រចិត្ត។ ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតរាយការណ៍ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថា គណៈវិនិច្ឆ័យរបស់សហព័ន្ធ បានចោទប្រកាន់លោក Adams រួចហើយ។

បទចោទនេះកើតឡើងបន្ទាប់ពីអង្គភាព FBI កាលពីខែវិច្ឆិកា ឆ្នាំមុន បានចុះឆែកឆេរឧបករណ៍អេឡិចត្រូនិករបស់លោក Adams ហើយបន្ទាប់ពីមានការលាលែងពីតំណែងដោយមន្ត្រីជាន់ខ្ពស់ជាច្រើនរបស់ទីក្រុងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈការស៊ើបអង្កេតអំពើពុករលួយសហព័ន្ធបានជាប់ពាក់ព័ន្ធជាមួយរដ្ឋបាលរបស់អភិបាលក្រុងញូវយ៉ក៕